ភ្នំពេញ ៖ ស្ត្រីជាអ្នកលក់គ្រឿងម្ជូរ នៅចាំផ្លូវម្នាក់ ត្រូវបានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកកញ្ជើមាន់រេចង្កូតជ្រុលទៅប៉ះបណ្ដាល ឲ្យរងរបួសបន្តិចបន្តួច ហើយរថយន្តក៏ជ្រុលធ្លាក់ចូលទឹកប្រឡាយ កាលពីវេលាម៉ោង១និង ៤០នាទីរសៀល ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវ ៥០ម៉ែត្រ កែងនឹងផ្លូវ៦០ម៉ែត្រ នៅភូមិត្រពាំងថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ។

បើតាមប្រភពព័ត៌មានពីបងប្អូនជាអ្នកលក់ទឹកសុទ្ធ និងគ្រឿងម្ជូរ នៅតាមចិញ្ចើមផ្លូវ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បានបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សពាក់ផ្លាកលេខភ្នំពេញ 3G-46 62 បើកបរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកមកដល់ចំណុចកើតហេតុ ឃើញរថយន្តគេនៅខាងមុខឈប់ រង់ចាំភ្លេីងស្តុបពេលនោះ អ្នកបើកបររថយន្តបង្កខាងលើ ក៏ជាន់ហ្រ្វាំងមិនស៊ី រួចក៏បានបួងចង្កូតមកខាងស្ដាំ ក៏ជ្រុលមកប៉ះជាមួយនឹងស្ត្រីម្នាក់ ជាអ្នកលក់គ្រឿងម្ជូរនៅចិញ្ចេីមផ្លូវ បណ្ដាលឲ្យរងរបួសស្រាល ហើយរថយន្តក៏ជ្រុល ទៅធ្លាក់ចូលទឹកប្រឡាយ បណ្តាលឲ្យរងការខូចខាត ចំណែកអ្នកបើកបររថយន្ត បានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក ក៏បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យមើលរថយន្ត ដោយឃើញថារថយន្តបង្ក មិនបានប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋ ហើយនិងមានអ្នករបួសបន្តិចបន្តួច អាចសម្រូលគ្នាបាន សមត្ថកិច្ចក៏រង់ចាំឲ្យអ្នកបើកបររថយន្ត មកវិញ និងហៅរថយន្តស្ទូចមកស្ទូច យករថយន្តទៅជួសជុលដោយខ្លួនឯងវិញ៕ រក្សាសិទ្ធិដោយ ៖ សួង សាម





