ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ៣១ ខែ សីហា ឆ្នាំ២០២១ តុលាការឧទ្ធរណ៍ភ្នំពេញ បានបើកសវនាការជំនុំជំម្រះ លើបណ្ដឹងឧទ្ធរណ៍ របស់ជនជាប់ចោទជនវ័យចំណាស់ម្នាក់ ដែលត្រូវបានតុលាការដំបូងរាជធានីភ្នំពេញ កាត់ទោសដាក់ពន្ធនាគារ កំណត់ ០៧ ឆ្នាំ ជាប់ពាក់ព័ន្ធករណី ប៉ុនប៉ងរំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោស ទាក់ទងជនរងគ្រោះ ប្រព្រឹត្តកាលពីអំឡុងឆ្នាំ ២០១៩ ។
លោក ប៉ុល សំអឿន ជាប្រធានចៅក្រមជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ ភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទមាន ឈ្មោះ អអ៊ី រ៉ា ភេទ ប្រុស អាយុ ៦៧ ឆ្នាំ ។
ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកាត់ទោសដាក់ពន្ធនាគារ កំណត់ ០៧ ឆ្នាំ ពីបទ ប៉ុនប៉ងរំលោភ សេពសន្ថវៈ មានស្ថានទម្ងន់ទោស។
តែជនជាប់ចោទ បានប្តឹងជំទាស់ មកសាលាឧទ្ធរណ៍ ដើម្បីសុំបន្តរកយុត្ដិធម៌ ។

ជនជាប់ចោទមានឈ្មោះ អីុ វ៉ា ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី០៣ ខែ តុសា ឆ្នាំ ២០១៩ បន្ទាប់ពីគាត់ បានប៉ុនប៉ងចាប់រំលោភ ក្មេងស្រីម្នាក់ អាយុ ០៧ ឆ្នាំ ដោយទាញដៃជនរងគ្រោះ ចូលក្នុងផ្ទះរបស់គាត់ ដើម្បីរំលោភ តែមិនបានសម្រេច ព្រោះក្មេងស្រី ដែលជាជនរងគ្រោះ រើបម្រាស រត់ចេញមកក្រៅ ហើយត្រូវបានម្តាយជនរងគ្រោះ បឹ្តងសមត្ថកិច្ច ប៉ុន្តែគាត់មានបំណងរត់គេចខ្លួន នៅពេលនោះ តែត្រូវសមត្ថកិច្ចធើ្វឃាត់ខ្លួនបាននៅផ្ទះរបស់គាត់ នៅថ្ងៃដដែលនោះ។
នាពេលសវនាការ ជនជាប់ចោទ ឈ្មោះ អ៉ី រ៉ា បានឆ្លើយសារភាពថា រូបគាត់មិនប្រព្រឹត្តអំពើ ដូចការចោទប្រកាន់ឡើយ។
ជនជាប់ចោទ បាននិយាយថា មុនពេលកើតហេតុ ក្មេងស្រី ដែលជាជនរងគ្រោះ កុំពុងតែយំ និង ដើរឆ្លងផ្លូវ តែម្នាក់ឯង។
ឃើញដូច្នោះ គាត់ក៏ទៅជួយ និងទាញដៃនាង ដោយមានបំណងចង់ជួយតែប៉ុណ្ណោះនោះទេ។
ជនជាប់ចោទ បាននិយាយថា ចំណែក ឯរឿងដែលគេចោទថា រូបគាត់មានបំណងចាប់រំលោភ ជនរងគ្រោះ និងមានបំណង រត់គេចខ្លួន នៅពេលនោះ គឺ មិនមែនជាការពិតនោះទេ។
ឈ្មោះ អ៉ី រ៉ា បានសុំឲ្យតុលាការឧទ្ធរណ៍ សម្រេចទម្លាក់ការចោទប្រកាន់ និងដោះលែងគាត់ ឲ្យមានសេរីភាពវិញ។
សំណុំរឿងនេះ តុលាការឧទ្ធរណ៍នឹងប្រកាសសាលដីកា នៅថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ០៨និង០០ ព្រឹក៕
រក្សាសិទ្ធិដោយ ៖ ចន្ទា ភា