ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ( ACU) នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធពាក្យប្តឹងអនាមិកករណីចោទប្រកាន់ថា មានការដេញប្រជាពលរដ្ឋ ចេញពីទីតាំងធ្វើស្រែចំការ ក្នុងភូមិព្រៃក្ខុច បុស្សតាផង់ ស្រែជើងរាស្ត្រ ក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។
សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា បន្ទាប់ពីបានទទួលពាក្យប្តឹងអនាមិកពាក់ព័ន្ធករណីខាងលើ ក្រុមការងារ អ.ប.ព. បានចុះស្រាវជ្រាវដល់ទីតាំងជាក់ស្តែង និងពិនិត្យលើឯកសារពាក់ព័ន្ធ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
១)លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ ខេត្តតាកែវ មិនបានប្រព្រឹត្តដូចការលើកឡើងក្នុងពាក្យប្តឹង ពាក់ព័ន្ធនឹងការដេញប្រជាពលរដ្ឋ ចេញពីទីតាំងដីធ្វើស្រែចំការ របស់ពួកគាត់ទេ ផ្ទុយទៅវិញ គឺខិតខំជំរុញដោះស្រាយ
ការងារនេះ។

២) ទីតាំងដីដែលស្ថិតក្នុងភូមិសាស្ត្រខាងលើត្រូវបាន សជណ លេខ៩៦៨ និង សជណលេខ ៩៦៩ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និរាករណ៍រាល់ការកាន់កាប់ពីមុនទាំងអស់ ហើយតម្រូវឲ្យរដ្ឋបាលខេត្តកែវ និងមន្ទីរជំនាញពាក់ពន្ធ័ធ្វើការដោះស្រាយជម្លោះដីធ្លីទាំងនោះ ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។
៣) មកទល់ពេលនេះ រដ្ឋបាលខេត្ត និងមន្ទីរជំនាញបានចុះវាស់វែង និងបិទផ្សាយជាសារធាណៈ នូវឯកសារវិនិច្ឆ័យ
និងត្រៀមផ្តល់ប័ណ្ណជូនប្រជាពលរដ្ឋ។
៤) ចំពោះការរាំងស្ទះ ដែលនាំដល់ការយឺតយ៉ាវ ក្នុងការចេញប័ណ្ណ ដល់គ្រប់ក្បាលដី ដោយមូលហេតុអាជ្ញាធរខេត្ត និងមន្ទីរជំនាញកំពុងដោះស្រាយតាមផ្លូវច្បាប់ និងបច្ចេកទេស ជាមួយអ្នកកាន់កាប់មួយចំនួន ដែលមិនព្រមទទួលយកតាមស្មារតី សជណ ៩៦៨ និង៩៦៩ ខាងលើ។
អ.ប.ព. បានស្នើដល់អាជ្ញាធរខេត្តតាកែវ ពងឿនការដោះស្រាយជម្លោះដីធ្លីក្នុងភូមិសាស្ត្រខាងលើឲ្យបានឆាប់ ដើម្បីឈានទៅចេញប័ណ្ណកម្មសិទ្ធិ ដល់គ្រប់ក្បាលដីជូនប្រជាពលរដ្ឋ។
អង្គភាពប្រឆាំងអំពើពុករលួយ បន្តតាមដានករណ៍នេះ និងមានវិធានការតាមផ្លូវច្បាប់ក្នុងករណីរកឃើញអំពើពុករលួយ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ
