ភ្នំពេញ ៖ ក្នុងឱកាសអញើញទៅទទួលវ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន ២លានដូស នៅឯអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងឱ្យដឹថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានកម្រិតជាគោលការណ៍ ឱ្យក្រសួងសុខាភិបាល រៀបចំទិញវ៉ាក់សាំង ៥លានដូស បន្ថែមទៀត ពីក្រុមហ៊ុនស៊ីណូវ៉ាក់ ដែលនឹងត្រូវដឹកជញ្ជូនមកកម្ពុជានៅក្នុងខែកញ្ញានេះ ដើម្បីត្រៀមចាក់ដូសជំរុញ ឬដូសទី៣ ជូនប្រជាពលរដ្ឋ។

លោកស្រីរដ្ឋលេខាធិការ រូបនេះបញ្ជាក់ថា ចំពោះមុខការចាក់ដូសទី៣ ឬដូសជំរុញ ក្រុមការងារគ្រូពេទ្យ បាននិងកំពុងបន្ដចាក់ជូនក្រុមសកម្មជនជួរមុខ ដូចជាក្រុមមន្ដ្រីសុខាភិបាល អាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ដែលធ្វើការផ្ទាល់ជាមួយកន្លែងប្រឈមនៃការឆ្លងកូវីដ-១៩ ជាពិសេសនៅតាមព្រំដែន ទីក្រុង និងទីប្រជុំជន។ ដូច្នេះ ឆាប់ៗនេះ ជាគោលនយោបាយ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគិតគូរដ៏ម៉ត់ចត់ ក្នុងការផ្ដល់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣នេះ ចាក់ជូនប្រជាពលរដ្ឋទាំងអស់ ប្រមាណ១២លាននាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នំា២០២១ កម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ២៧លានដូសរួចហើយ, លើសពីនេះ ទៀត សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានកម្រិតជាគោលការណ៍ឱ្យក្រសួងសុខាភិបាល រៀបចំទិញ ៥លានដូសបន្ថែមទៀត ពីក្រុមហ៊ុនស៊ីណូវ៉ាក់ ដែលនឹងត្រូវដឹកជញ្ជូនមកដល់កម្ពុជានៅខែកញ្ញានេះ ដូច្នេះ កម្ពុជានឹងមានវ៉ាក់សាំងប្រមាណ ៣២លានដូស៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN









