ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានស្នើដល់គ្រប់អ្នកផលិតក្នុងស្រុក ពង្រឹងគុណភាពស្ដង់ដារ នូវផលិតផលរបស់ខ្លួន ដើម្បីដាក់លក់លើទីផ្សារ Franchise បរទេស ព្រោះថា ក្រសួងកំពុងជំរុញផ្សារ Franchise បរទេស ដែលបានចូលមកកម្ពុជា ឱ្យលក់នូវផលិតផលខ្មែរ។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ក្នុងពិធីបើកដំណើរការផ្សារទំនើបរបស់ថៃ 7-Eleven លើកដំបូងនៅកម្ពុជា នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានថ្លែងឲ្យដឹងថា កាលណាផលិតផលរបស់ខ្មែរមានគុណភាពល្អ, មានគ្រប់តម្រូវការ និងមាននិរន្ដរភាពនៃការផ្គត់ផ្គង់ មិនយូរមិនឆាប់នោះទេ ផលិតផលខ្មែរនឹងមានកេរ្ដិ៍ឈ្មោះល្អ ព្រមទាំងមានការចាប់អារម្មណ៍យ៉ាងច្រើនពីសាធារណជន។
កម្ពុជាតែងតែជំរុញឲ្យទីផ្សារ Franchise បរទេសទាំងនោះ ទទួលលក់នូវផលិតផលកម្ពុជា ជាក់ស្ដែងចំពោះទំនិញស្រស់ដូចជា បន្លែ ផ្លែឈើ និងអាហារកែច្នៃខ្លះ មិនអាចនាំចូលបាននោះទេ ច្បាស់ជាត្រូវការទិញពីប្រជាកសិករនៅកម្ពុជា។

លោក ប៉ែន សុវិជាតិ ឲ្យក្រឡេកទៅមើលផ្សារម៉ាក្រូរបស់ថៃ ជាឧទាហរណ៍ស្រាប់ គឺបានទទួលទិញ បន្លែ ផ្លែឈើ ត្រីសាច់ គ្រឿងសមុទ្រ ពីកម្ពុជា ដោយមិនបានបញ្ជាទិញទាំងស្រុងពីប្រទេសថៃនោះឡើយ។ ដូចគ្នានឹងផ្សារទំនើប 7-Eleven ដែរ ផ្សារនេះក៏នឹងទទួលក់ផលិតផលខ្មែរផងដែរ, ប៉ុន្តែ គេអាចបញ្ជាទិញទំនិញយើងបាន លុះត្រាតែទំនិញរបស់យើងមានគុណភាព និងមាននិរន្ដភាពនៃការផ្គត់ផ្គង់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN









