Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូលបង្វិលសំណុំរឿងរបស់អតីតស្នងការរងខេត្តសៀមរាប ប៊ុន លីវង្ស ឲ្យតុលាការឧទ្ធរណ៍ជំនុំជម្រះ ឡើងវិញ ពាក់ព័ន្ធការជួញដូរគ្រឿងញៀនជិត ០១ គីឡូក្រាម!!!

spot_img

ភ្នំពេញ ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី ០១ខែ កញ្ញា ឆ្នាំ ២០២១ បានប្រកាសសាលដីកា លើបណ្ដឹងសារទុក្ខរបស់ ជនជាប់ចោទ ម្នាក់ ដែលជាអតីតស្នងការរង នគរបាលខេត្តសៀមរាប ទទួលបន្ទុកផែនប្រឆាំងបទល្មើសគ្រឿងញៀន និងដែលត្រូវបាន តុលាការថ្នាក់ក្រោម កាត់ទោស ដាក់ពន្ធនាគារ កំណត់ ៣០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹង ករណីជួញដូរគ្រឿងញៀន ជិត ០១ គីឡូក្រាម ប្រព្រឹត្តនៅក្នុងខេត្តសៀមរាប កាលពី អំឡុងខែឧសភាឆ្នាំ ២០១៩។

សវនាការនេះ ដឹកនាំដោយលោកសឹង បញ្ញាវុឌ្ឍ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល និងមាន លោកជុំ សំបាន គឺ ជាតំណាងមហាអយ្យការ។

ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះតុលាការកំពូល បានសម្រេចបដិសេធ សាលដីការបស់តុលាការឧទ្ធរណ៍ភ្នំពេញ និង បានបង្វិលសំណុំរឿងនេះឲ្យតុលាការឧទ្ធរណ៍ ដើម្បីធ្វើការជំនុំជម្រះ សារជាថ្មីឡើងវិញ។

លោកចៅក្រមសឹង បញ្ញាវុឌ្ឍ បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ ប៊ុន លីវង្ស អាយុ៣០ឆ្នាំ ជាអតីតមន្ដ្រីនគរបាលថ្នាក់វរសេនីយ៍ទោ មានទីលំនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

ជនជាប់ចោទត្រូវបានសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃ ១៦ ខែ មិថុនា ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ៣០ ឆ្នាំ និង ពិន័យជាប្រាក់ ចំនួន ៨០លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ។

ចំណែកឯ ជនជាប់ចោទ២នាក់ទៀត មានឈ្មោះ ទី ១៖ឈ្មោះ ស្រឿន វីរៈ ឆ្នាំកំណើត១៩៩៣ និងទី ២៖ឈ្មោះ ដួង សំអឿន ហៅម៉ាប់ ឆ្នាំកំណើត១៩៩៤ ក៏ត្រូវបានតុលាការខេត្ត ផ្តន្ទាទោស ដាក់ពន្ធនាការ ក្នុងម្នាក់ៗ កំណត់ ៣០ ឆ្នាំ និង ពិន័យជាប្រាក់ ក្នុងម្នាក់ៗ ៨០ លានរៀល ផងដែរ។

តែពួកគេបានប្តឹងជំទាស់នឹងសាលក្រមខាងលើ ទៅតុលាការឧទ្ធរណ៍ភ្នំពេញ តែតុលាការឧទ្ធរណ៍ បានតម្កល់សាលក្រម របស់តុលាការដំបូងសៀមរាប រក្សាទុកជាបានការដដែល។

ឈ្មោះ ប៊ុន លីវង្ស បន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូល ក៏ប៉ុន្តែ ជនជាប់ចោទពីរនាក់ទៀត មិនបានប្តឹងសារទុក្ខឡើយ។

ក្នុងចំណោម ជនជាប់ចោទទាំង៣, ឈ្មោះ ស្រឿន វីរ: និង ឈ្មោះ ដួង សំអឿន ត្រូវចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៩ បន្ទាប់ពីសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ឆ្មក់ចូលទៅក្នុង បន្ទប់ជួលរបស់ពួកគេ ដែលមានទីតាំងស្ថិតនៅ
ភូមិទ្រាំង សង្កាត់ស្លក្រាម និងនៅបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

បន្ទាប់ពីប្រតិបត្តិការបង្ក្រាប និង ចាប់ខ្លួនពួកគេទាំងពីរនាក់, សមត្ថកិច្ចនគរបាល ដកហូតបាន ម្សៅមេតំហ្វេតាមីន ប្រភេទទឹកកកចំនួន១២កញ្ចប់ មានទម្ងន់ជាង ៧០០ ក្រាម (ជិត១គីឡូក្រាម) ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង, សម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃ ចំនួន០២គ្រឿង។

យោងតាមចម្លើយសារភាព និងការឆ្លើយ ដាក់របស់អ្នកទាំងពីរ, សមត្ថកិច្ចនគរបាលជំនាញ នៅថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៩ ឈានទៅដល់ការចាប់ខ្លួនឈ្មោះ ប៊ុន លីវង្ស តាមដីការបស់តុលាការ បន្ទាប់ពី ពួកគេបានសារភាពថា គ្រឿងញៀនខាងលើ ពូកគេបានទិញពីឈ្មោះ ប៊ុត លីវង្ស ។

នាពេលសវនាការកាលពីថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២១, លោកទេព មុនីជាតិ ជាមេធាវីការពារក្តីឲ្យជនជាប់ចោទ ប៊ុន លីវង្ស
បានថ្លែងថា នៅលក្នុងរឿងក្តីនេះ, ការកាត់ទោសកូនក្តីរបស់លោក អំពីតុលាការថ្នាក់ក្រោម រហូតដល់៣០ ឆ្នាំ គឺមហាអយុត្តិធម៌ ណាស់ ចំពោះកូនក្តី ពីព្រោះគាត់ មិនបានប្រព្រឹត្តអ្វី ដូចការចោទប្រកាន់នោះឡើយ។

លោកមេធាវីមុនីជាតិបាននិយាយថា មុនពេលចាប់ខ្លួនកូនក្តី, ប៊ុន លីវង្ស គឺជាមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ និងទើបតែត្រូវបានតែងតាំង ជាស្នងការរង នៃ ស្នងការនគរបាលខេត្តសៀមរាប ទទួលផែនជាប្រធានប្រឆាំងបទល្មើសគ្រឿងញៀន និងសេដ្ឋកិច្ច និង មានបើកអាជីវកម្មផ្ទាល់ខ្លួនផង គឺក្រុមហ៊ុនការដ្ឋានសំណង់ នៅខេត្តសៀមរាប។

លោកមេធាវីបានបន្តថា ម្យ៉ាងវិញទៀត, នៅពេលចាប់ឃាត់ខ្លួន ប៊ុន លី វង្សនោះ គឺគ្រាន់តែយោងតាមការឆ្លើដាក់របស់ឈ្មោះ វីរៈ និង សំអឿន តែប៉ុណ្ណោះ និងពុំមានភស្តុតាង ជាក់ស្តែងនោះឡើយ។

ដូច្នេះ រឿងនេះ អាចជាការកុងកាច់គ្នា ឬ ជាការច្រណែនឈ្នានី អំពីសំណាក់ មន្ត្រីនគរបាលខេត្តខ្លះ ចំពោះ ប៊ុន លីវង្ស ដែលត្រូវបានតែងតាំង ជាស្នងការរងខេត្តសៀមរាប ក៏ រៀបចំផែន ប្រឌិត ការ ទម្លាក់ដាក់គាត់ទៅ???។

លោកមេធាវី បានសំណូមពរឲ្យតុលាការកំពូល សម្រេចបដិសេធ សេចក្ដីសម្រេចរបស់តុលាការថ្នាក់ក្រោម ជាអាសារបង់ និង ដោះលែង កូនក្តីឲ្យមានសេរីភាពវិញ៕រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×