ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១
បានសម្រេចឃុំខ្លួន ជនត្រូវចោទ ដែលសង្ស័យ ជាមេខ្លោងជួញដូរគ្រឿងញៀន ឆ្លងដែន ខ្មែរនិងចិនចំនួន ០៤នាក់ ជាប់ពាក់ព័ន្ធការនាំ ចូលសារធាតុញៀនជាង ៥ គីឡូក្រាម ពីប្រទេសអាហ្វ្រិកខាងត្បូង មកកាន់ព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ។

លោកផ្លង់ សុផល ព្រះរាជអាជ្ញារងអមអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរបស់ស្ថាប័នអយ្យការ បានអោយដឹងថា ជនត្រូវចោទទាំង០៤ នាក់ខាងលើ ត្រូវបានតំំណាងអយ្យការចោទប្រកាន់ពីបទ ” រក្សាទុក និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ” តាមបញ្ញត្តិមាត្រា ៤៨ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន កម្ពុជា។
( ពួកគេ អាចប្រឈមនឹងការជាប់ពន្ធនាគារ ក្នុង ម្នាក់ៗ អស់មួយជីវិត ប្រសិនបើ តុលាការ រកឃើញពី ពិរុទ្ធភាព)។

យោងតាមរបាយការណ៍របស់មន្ត្រី សមត្ថកិច្ចប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនត្រូវចោទទាំង ៤នាក់ មានឈ្មោះទី១- ឈ្មោះ ZHANG ZHI QIANG ភេទប្រុស អាយុ ៣២ឆ្នាំ ជាជនជាតិចិន។ ទី២- ឈ្មោះ ឆូយ ប៊ុនវុទ្ធ ភេទប្រុស អាយុ ៦៥ ឆ្នាំ ជាជនជាតិខ្មែរ ។ទី៣- ឈ្មោះ FU XIX MING ភេទប្រុស អាយុ ៤៧ ឆ្នាំ ជនជាតិចិន ។ និងទី៤- ឈ្មោះ HU XIAO HUI ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិចិន ។
ពួកគេត្រូវបានចាប់ខ្លួន ជាបន្តបន្ទាប់ កាលពីថ្ងៃទី ២៤-២៥ ខែ សីហា ឆ្នាំ ២០២១ នៅរាជធានីភ្នំពេញ និង ខេត្តបន្ទាយមានជ័យ។
ចំណែកឯ វត្ថុតាង ដែលសមត្ថកិច្ច រឹបអូសបានរួមមាន ៖១- សារធាតុញៀនប្រភេទកេតាមីន (KETAMIE)៦០ដប ទម្ងន់សុទ្ធ៥គីឡូ និង ១៣៤.២០ក្រាម ៕ រក្សាសិទ្ធិដោយ ចន្ឋា ភា

