Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល ដាក់ដំណើរការជាផ្លូវការ ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២

spot_img

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ បានដាក់ដំណើរការជាផ្លូវការហើយ នូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃពុធនេះ បានឲ្យដឹងថា វិស័យបច្ចេកវិទ្យាឌីជីថល បានក្លាយទៅជាផ្នែកមួយដ៏សំខាន់ នៃជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្ស និងបាន ផ្តល់នូវកាលានុវត្តភាពថ្មី ក្នុងការជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែមានកំណើនធុរកិច្ច, បង្កើនប្រសិទ្ធភាព និងផលិត ភាពខ្ពស់ និងធ្វើឱ្យបរិយាកាសប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិកាន់តែប្រសើរឡើងជាងមុន។ ឈរលើមូលដ្ឋានយក ចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធ ចុះបញ្ជីអាជីវកម្មតាមថ្នលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី ១ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ ដើម្បីផ្តល់ភាពងាយស្រួលដល់ធុរជនក្នុងការចុះបញ្ជីអាជីវកម្ម ដោយចំណាយពេលវេលា និងថវិកាតិចជាងមុន និង ធ្វើឡើងជាកញ្ចប់តាមនីតិវិធីអនឡាញជាមួយក្រសួង-ស្ថាប័នចំនួន ៣ រួមមាន ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋាន ពន្ធដារ និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ក្រុមហ៊ុនដែលចង់ចុះបញ្ជីជាគម្រោងមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ ក៏អាចដាក់ស្នើតាមអនឡាញបាន ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ទៀតសោត ក្នុងដំណាក់កាលទី១ នេះ ក៏មានកិច្ចសហការផ្តល់ទិន្នន័យបុគ្គលពីក្រសួងមហាផ្ទៃផងដែរ។

ដើម្បីបង្កើនបទពិសោធន៍ និងពង្រីកវិសាលភាពប្រើប្រាស់របស់ធុរជនឱ្យបានកាន់តែល្អនិងងាយស្រួលជាង មុនថែមមួយកម្រិតទៀត រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ដំណើរការជាផ្លូវការនូវ “ប្រព័ន្ធចុះបញ្ជីអាជីវ កម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២” នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៩:០០ ព្រឹកក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កម្មវិធីត្រូវបានចាក់ផ្សាយបន្តផ្ទាល់តាមរយៈទំព័រហ្វេសប៊ុក របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្របទៅតាមបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

នៅក្នុងដំណាក់កាលទី ២ នេះ ក្រសួង-ស្ថាប័នចូលរួមចំនួន ៤ បន្ថែមទៀត រួមមានក្រសួងឧស្សាហកម្ម វិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអាជ្ញាធរសវា ហិរញ្ញវត្ថុមិនមែនធនាគារ។ ធុរជនអាចស្នើសុំ (១) ប្រកាសស្តីពីការបង្កើតសហគ្រាសធុនតូចនិងមធ្យម (២) អាជ្ញា បណ្ណទេសចរណ៍សម្រាប់ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ (៣) អាជ្ញាបណ្ណទេសចរណ៍សម្រាប់សណ្ឋាគារ សេវាស្នាក់នៅទេសចរណ៍ (៤) អាជ្ញាបណ្ណទេសចរណ៍សម្រាប់ភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ (៥) អាជ្ញា បណ្ណ/វិញ្ញាបនបត្រ/ លិខិតអនុញ្ញាតបំពេញប្រតិបត្តិការ លើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) (៦) អាជ្ញាបណ្ណ/វិញ្ញាបនបត្រ/លិខិតអនុញ្ញាត បំពេញប្រតិបត្តិការលើវិស័យប្រៃសណីយ៍ (៧) អាជ្ញាបណ្ណអាជីវកម្មបញ្ចាំ និង (៨) អាជ្ញាបណ្ណអាជីវកម្មប្រាតិភោគដោយអនុប្បទាន។

ដូចគ្នាទៅនឹងការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី១ ដែរ, ធុរជនអាចស្នើ សុំអាជ្ញាបណ្ណ/វិញ្ញាបនបត្រ/លិខិតអនុញ្ញាត/ប្រកាសបង្កើតខាងលើ តាមអនឡាញ តាមរយៈគេហទំព័រ
www.registrationservices.gov.kh ឬគេហទំព័រចុះបញ្ជីអាជីវកម្មរបស់ក្រសួង-ស្ថាប័នជំនាញ រួចចូលប្រើប្រាស់ (Login) ដោយប្រើគណនីកម្មវិធីទូរស័ព្ទ CamDigiKey, ធ្វើការបង់ប្រាក់អនឡាញ និងទទួលបាននូវអាជ្ញាបណ្ណ/ វិញ្ញាបនបត្រ/លិខិតអនុញ្ញាត/ប្រកាសបង្កើតជាទម្រង់ឌីជីថលដែលមានសុពលភាពស្របច្បាប់ពេញលេញ និង អាចយកទៅប្រើប្រាស់ជាផ្លូវការបាន។ ក្នុងករណីដែលធុរជនបានធ្វើការចុះបញ្ជីអាជីវកម្មក្រោយថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ តាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន ជាមួយក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងដំណាក់កាលទី១ ឬផតថលរួម (Single Portal)រួចហើយ ធុរជននឹងមិន ចាំបាច់វាយបញ្ចូលព័ត៌មានដែលធ្លាប់បានវាយបញ្ចូលហើយក្នុងផតថលរួម (Single Portal) នៅដំណាក់កាលទី ១ ទៀតនោះទេ ធុរជនគ្រាន់តែវាយបញ្ចូលលេខសម្គាល់អត្តសញ្ញាណសហគ្រាស (Single ID) ដែលទទួលបាន ពី Single Portal នោះព័ត៌មានដែលធ្លាប់បានបញ្ចូលក្នុងការចុះបញ្ជីកន្លងមក នឹងបង្ហាញលើពាក្យស្នើសុំន ដំណាក់កាលទី២ ដោយស្វ័យប្រវត្តិ។

គួរបញ្ជាក់ផងដែរថា ប្រតិបត្តិការស្វ័យប្រវត្តិនៃការទាញយកទិន្នន័យរបស់ក្រុមហ៊ុន/សហគ្រាសពីថ្នាល ដំណាក់កាលទី១ មកថ្នាលដំណាក់កាលទី២ ជាសមិទ្ធផលនៃការផ្លាស់ប្តូរទិន្នន័យរវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX)។ ការណ៍នេះ មិនត្រឹមតែបង្កើន បទពិសោធន៍នៃការប្រើប្រាស់ ឱ្យកាន់តែមានលក្ខណៈងាយស្រួលជាងមុន សម្រាប់ធុរជនក្នុងការបំពេញពាក្យស្នើ សុំតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបច្ច័យវិជ្ជមានដែលអនុញ្ញាតឱ្យក្រសួង-ស្ថាប័នអាចកាត់បន្ថយរយៈពេលត្រួតពិនិត្យពាក្យ ស្នើសុំ និងធានាបានថាទិន្នន័យរបស់ក្រុមហ៊ុន/សហគ្រាស នៅគ្រប់ក្រសួង-ស្ថាប័នមានសង្គតិភាពផងដែរ។ សមិទ្ធផលនេះ គឺជាការបោះជំហានដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវចក្ខុវិស័យកសាង សង្គម និងសេដ្ឋកិច្ចឌីជីថលដ៏រស់រវើក ដោយប្រើប្រាស់បច្ចេកវិទ្យាជាស្នូលនៃការអនុវត្តការងារ។

ជាមួយនឹងការតម្រង់ទិស និងការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យា ព័ត៌មាន ដំណាក់កាលទី ២ សមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារអន្តរក្រសួងរៀបចំការចុះបញ្ជី តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងមានការចូលរួមយ៉ាងសស្រាក់សស្រាំ និងកិច្ចសហការដែលមិនអាចខ្វះបាន របស់ក្រសួង-ស្ថាប័នចូលរួម ដូចជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងទេសចរណ៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំនៃអាជ្ញាធរសវាហិរញ្ញវត្ថុមិន មែនធនាគារ ។ ជាជំហានបន្ទាប់, ក្រុមការងារនឹងបន្តអភិវឌ្ឍទៅលើថ្នាលបច្ចេកវិទ្យាព័ត៌មាននេះជាមួយក្រសួង សា្ថប័នជំនាញបន្ថែមទៀត ដើម្បីដាក់ឱ្យដំណើរការនូវដំណាក់កាលបន្ទាប់ ដែលអនុញ្ញាតឱ្យធុរជនអាចស្នើសុំអាជ្ញា បណ្ណ/វិញ្ញាបនបត្រ/លិខិតអនុញ្ញាត/ប្រកាស បង្កើតតាមជំនាញផ្សេងៗទៀត នាពេលអនាគតបានផងដែរ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×