Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​ក្នុង​តំបន់​មេគង្គ រួមគ្នា​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​ក្នុង​អាង​ទន្លេមេគង្គ​

សៀមរាប ​៖ សន្និសីទ​អន្តរជាតិ​គណៈកម្មការ​ទន្លេមេគង្គ ក្រោម​ប្រធានបទ “​ការលើកកម្ពស់​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា និង​ភាព​ជា​ដៃគូ ដើម្បី​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​ក្នុង​អាង​ទន្លេមេគង្គ​” ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២ ខែ​មេសា ឆ្នាំ ២០១៨ លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​បើក​សន្និសីទ​នេះ ។​

​លោក លឹម គានហោ មានប្រសាសន៍ថា សន្និសីទ​អន្តរជាតិ​នេះ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល ២ ថ្ងៃ គឺ​ថ្ងៃ​ទី​២-៣ ខែ​មេសា ឆ្នាំ ២០១៨ នៅ​សណ្ឋាគារ​សុខា​សៀមរាប និង​សាលសន្និសីទ​ក្រុង​សៀមរាប ខេត្តសៀមរាប ដោយ​មាន​អ្នកចូលរួម ប្រមាណ​ជាង ៤០០ នាក់ ជា​មន្ត្រី​មកពី​បណ្តា​ប្រទេស​តាម​ដង​ទន្លេមេគង្គ លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ ដៃគូ​អភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ អង្គការ​តំបន់ និង​អន្តរជាតិ អង្គការ​អាង​ទន្លេ​នានា គ្រឹះស្ថាន​សិក្សា​ស្រាវជ្រាវ អង្គការក្រៅរដ្ឋាភិបាល និង​វិស័យ​ឯកជន ព្រមទាំង​ដៃគូ​ពាក់ព័ន្ធ​ផ្សេង ទៀត ។​

​នៅក្នុង​មតិ​បើក​សន្និសីទ​អន្តរជាតិ លោក លឹម គានហោ បាន​មានប្រសាសន៍ថា កម្ពុជា​ពិតជា​មាន​កិត្តិយស​ដ៏​ធំធេង ដែល​បាន​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​សន្និសីទ​អន្តរជាតិ​គណៈកម្មការ​ទន្លេមេគង្គ ដែល​មាន​វត្តមាន​អ្នកចូលរួម​ដ៏​ច្រើន​កុះករ មកពី​ប្រទេស​ក្នុង​តំបន់​មេគង្គ និង​ជុំវិញ​ពិភពលោក ។ លោក បាន​លើកឡើង​ថា កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​ថ្នាក់​នាយករដ្ឋមន្ត្រី គឺ​រៀបចំ​ធ្វើឡើង​រៀង រាល់ ៤ ឆ្នាំ​ម្តង ដែល​រហូត​មកដល់ពេលនេះ បាន​រៀបចំ​ធ្វើ​ចំនួន ២ លើក​រួចមកហើយ ដោយ​លើក​ទី​១ នៅ​ប្រទេស​ថៃ ក្នុង​ឆ្នាំ ២០១០ និង​លើក​ទី​២ នៅ​ប្រទេស​វៀតណាម ក្នុង​ឆ្នាំ​២០១៤ ហើយ​សម្រាប់​កិច្ចប្រជុំ​កំពូល​លើក​ទី​៣ នឹង​រៀបចំ​ធ្វើ​នា​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ក្រុង​សៀមរាប ប្រទេស​កម្ពុជា ។ នៅ​មុន​កិច្ចប្រជុំ​កំពូល​នីមួយៗ តែង​មាន​សន្និសីទ​អន្តរជាតិ ដែល​សម្រាប់​សន្និសីទ​អន្តរ ជាតិ​នាពេលនេះ មាន​គោលបំណង សំខាន់​ពីរ គឺ​ទី​១) ជា​វេទិកា​សម្រាប់​ធ្វើ​ការផ្លាស់​ប្តូរ​បទពិសោធន៍ និង​ទស្សនៈ​លើ​ការ គ្រប់ គ្រង និង​អភិវឌ្ឍន៍​ទឹក​ឆ្លងដែន ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​ពិភពលោក និង​ទី​២) ផ្តល់​ជា​សារ​គន្លឹះ​សម្រាប់​កិច្ចប្រជុំ​កំពូល អំពី​ការ អនុវត្ត​ប្រសើរ និង​គំនិត​ថ្មីៗ សម្រាប់​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ក្នុង​អាង​ទន្លេមេគង្គ​។ លោក​រដ្ឋមន្ត្រី បាន​រំលឹក​ឡើងវិញ​ថា កាល​ពី​សន្និសីទ​អន្ដរជាតិ មុន​កិច្ចប្រជុំ​កំពូល​លើក​ទី​១ ក្នុង​ឆ្នាំ​២០១០ គឺ​ផ្តោតលើ​ប្រធានបទ “​ការគ្រប់គ្រង​ធនធាន​ទឹក​ឆ្លងដែន ក្នុង​ពិភពលោក​មួយ ដែល​កំពុង​មាន​ការផ្លាស់​ប្តូរ​ឥតឈប់ឈរ​” និង​សន្និសីទ​អន្ដរជាតិ​មុន​កិច្ចប្រជុំ​កំពូល​លើក​ទី ២ ក្នុង​ឆ្នាំ ២០១៤ គឺ​ផ្តោតលើ​ប្រធានបទ “​កិច្ចសហប្រតិបត្តិការ ស្តីពី សន្តិសុខ​ទឹក ស្បៀង និង​ថាមពល នៅក្នុង​អាង​ទន្លេ​ឆ្លងដែន ក្នុង​បរិបទ​បម្រែបម្រួល​អាកាសធាតុ​” ។ លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ចាប់តាំងពី​បង្កើត​គណៈកម្មការ​ទន្លេ​មេគង្គ ក្នុង​ឆ្នាំ ១៩៩៥ រហូតមកដល់​បច្ចុប្បន្ន​នេះ ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ បានរៀបចំ និង​ដំណើរការ​អនុវត្ត​យុទ្ធសាស្ត្រ ផែនការ នីតិវិធី និង​គោល​ការណ៌ណែនាំ​នានា និង​ក៏​បាន​គិតគូ​រលើ​ការលើកកម្ពស់​ការចូល​រួម​របស់​ភាគី​ពាក់ព័ន្ធ ភាព​ជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​តំបន់ ដើម្បី​ជំរុញ​លើ​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ ធនធានទឹក និង​ធនធាន​ពាក់ព័ន្ធ​ក្នុង​អាង​ទន្លេមេគង្គ ដែល​ទាំងនេះ ជា​សមិទ្ធផល​សំខាន់ៗ​សម្រេចបាន និង​ជា​កិច្ចការ​រួមគ្នា​ដែល​ត្រូវ​យកចិត្តទុកដាក់​ជា​បន្ត និង​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែមទៀត ។​

​នៅ​ចុងបញ្ចប់​នៃ​មតិ​ថ្លែង​បើក​សន្និសីទ​អន្តរជាតិ លោក​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា ចក្ខុវិស័យ​របស់​យើង គឺ​ធ្វើឲ្យ​អាង​ទន្លេមេគង្គ មាន​ភាព​ចម្រុងចម្រើន​ផ្នែក​សេដ្ឋកិច្ច យុតិ្ត​ធម៌​សង្គម និង​មាន​បរិស្ថាន​ល្អ ដែល​នេះ​អាច​សម្រេចបាន ដោយ​ត្រូវ​លើកកម្ពស់​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ការចូលរួម និង​ភាព​ជា​ដៃគូ​ពី​គ្រប់​តួអង្គ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដើម្បី​បង្កើន​កាលានុវត្តភាព និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ក្នុង​អាង​ទន្លេមេគង្គ​។​

​ក្នុង​រយៈពេល​២​ថ្ងៃនេះ សន្និសីទ​អន្តរជាតិ នឹង​ផ្តោត​លើ​ប្រធាន​សំខាន់ៗ ដូចខាងក្រោម ៖ កាលានុវត្តភាព​នៃ​ការអភិវឌ្ឍ និង​បញ្ហា​ប្រឈម​ក្នុង​អាង​ទន្លេមេគង្គ ការធ្វើឲ្យ​ប្រសើរឡើង​នូវ​ផលប្រយោជន៍តំប​ន់ និង​កាត់បន្ថយ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​​ការគិតគូរ​ដោះស្រាយ​បម្រែបម្រួល​អាកាសធាតុ គ្រោះទឹកជំនន់ និង​គ្រោះរាំងស្ងួត សារសំខាន់​នៃ​ប្រព័ន្ធ​ព័ត៌មាន និង​ទិន្នន័យ​ក្នុង​អាង​ទន្លេមេគង្គ និង​អាង​ទន្លេ​ផ្សេងទៀត ការតាមដាន​ត្រួតពិនិត្យ និង​ការគ្រប់គ្រង​គម្រោង​អភិវឌ្ឍ​ក្នុង​ទន្លេមេគង្គ និង​អាង​ទន្លេ​ផ្សេងទៀត ពង្រឹងកិច្ចសហ ប្រតិបត្តិការ​មេគង្គ និង​ភាព​ជា​ដៃគូ ការរៀបចំ​ផែនការ​ចម្រុះ​សម្រាប់​ទឹក និង​ថាមពល ៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

×