ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងក្នុងកិច្ចប្រជុំលើកទី១ នៃក្រុមការងារដោះស្រាយបញ្ហាប្រឈម និងជំរុញការលក់ផលិតផលខ្មែរទាំងក្នុង និងក្រៅប្រទេស កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ថា ការស្វះស្វែងរកទីផ្សារ និងដោះស្រាយបញ្ហាប្រឈមទាំងឡាយសម្រាប់ផលិតផលខ្មែរ គឺជាកិច្ចការអាទិភាព មន្ត្រីពាក់ព័ន្ធត្រូវផ្តោតការយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ បានផ្តល់អនុសាសន៍ណែនាំមួយចំនួន ដល់ក្រុមការងារដើម្បីជាទិសដៅអនុវត្តការងាររកទីផ្សារ និងដោះស្រាយបញ្ហាប្រឈមសម្រាប់ផលិតផលខ្មែរ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដូចជា ÷
- ការលើកកម្ពស់ភាពប្រកួតប្រជែង តាមរយៈការកសាងច្បាប់ និងបទដ្ឋានគតិយុត្តិ ក្នុងនោះ រួមមាន ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក , ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពីការប្រកួតប្រជែង ជាដើម,
- ការធ្វើកំណែទម្រង់ស្ថាប័ន រួមមានអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ និងការបង្កើតក្រុមការងារជាសសរស្តម្ភក្រោមក្រសួងពាណិជ្ជកម្ម,
- ក្រុមការងារតាមវិស័យនីមួយៗ ត្រូវបន្តសហការ និងគាំទ្រគ្នា (cross-learning) ដើម្បីអាចឱ្យការងារកាន់តែមានភាពប្រទាក់ក្រទ្បាគ្នា និងបំពេញបន្ថែមគ្នាទៅវិញទៅមក,
- អនុវត្តឱ្យបានម៉ឺងម៉ាត់នូវអនុសាសន៍ណែនាំ និងជាពិសេស លទ្ធផលនៃកិច្ចពិភាក្សា ដោយក្នុងបរិការណ៍នេះ គ្រប់សមាជិកនៃក្រុមការងារសុទ្ធតែមានបទពិសោធន៍ឆ្លងកាត់ និងដោះស្រាយបញ្ហានានាក្នុងអំទ្បុងពេលនៃវិបត្តិកូវីដ-១៩នេះ ហើយបរិយាកាសទីផ្សារមានការវិវត្តយ៉ាងឆាប់រហ័ស (ជាពិសេសតម្លៃលើទីផ្សារ) បង្កទ្បើងដោយភាពមិនប្រាកដប្រជានៃវិបត្តិជំងឺឆ្លង និងការប្រកួតប្រជែងគ្នានៃមហាអំណាចសេដ្ឋកិច្ច,
- គោលបំណងចម្បងនៃការបង្កើតក្រុមការងារនេះទ្បើង រួមមាន ÷

១- ការជួយដល់បងប្អូនកសិករក្នុងការដាក់លក់ផលិតផលទាំងលើទីផ្សារក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស,
២- ការជួយដល់អ្នកប្រើប្រាស់ សំដៅធ្វើយ៉ាងណាឱ្យទទួលបានទំនិញប្រកបដោយគុណភាព និងក្នុងតម្លៃកាន់តែប្រសើរ និង
៣- ការជួយដល់ក្រុមហ៊ុនធុរកិច្ច និងអាជីវកម្មនានា ដើម្បីអាចធ្វើពាណិជ្ជកម្មបានយ៉ាងរលូន និងមានភាពប្រកួតប្រជែង អនុលោមតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN





