ភ្នំពេញ ៖ កាលពីដើមឆ្នាំកន្លងមកនេះ ក្រុមហ៊ុន សែលកាត បានសហការជាមួយ SabaiCode ដើម្បីគាំទ្រគំនិតផ្តួចផ្តើមរបស់ខ្លួនក្នុងការផ្តល់ឱ្យនិស្សិត ដែលមានសក្តានុពលខ្ពស់នូវជំនាញឌីជីថល ដែលពួកគេត្រូវការនៅក្នុងឧស្សាហកម្មឌីជីថល។
វគ្គសិក្សា Full Stack Developer Bootcamp ដែលមានរយៈពេល 12 ខែគឺជាកម្មវិធីអប់រំដំបូងគេដែលមានទីតាំង នៅទីក្រុងភ្នំពេញ របស់ SabaiCode ដែលជាស្ថាប័នអប់រំដែលនៅឯ Silicon Valley។ កម្មវិធីនេះជាកម្មវិធីសិក្សាពេញម៉ោង និងបណ្តុះបណ្តាលដោយផ្ទាល់ពីអ្នកសរសេរកូដ ដែលមានបទពិសោធន៍ខ្ពស់ដើម្បីជំរុញឱ្យសិស្សនិសិ្សត ក្លាយខ្លួនជាអ្នកជំនាញផ្នែកអភិវឌ្ឍន៍សូហ្វវែ ក្នុងរយៈពេល 1 ឆ្នាំ។
ការឧបត្ថម្ភរបស់សែលកាតកើតឡើងក្នុងទម្រង់ ជាអាហារូបករណ៍សម្រាប់ការសិក្សាដល់ សិស្សនិស្សិតដែលមានទេពកោសល្យចំនួន 10 រូប។ សព្វថ្ងៃនេះយើងក៏បានស្វែងរកឃើញនូវសិស្សនិស្សិតទាំង 10 រូបនេះហើយផងដែរ។

មានអ្នកបានដាក់ពាក្យចូលរួមក្នុងកម្មវិធីនេះរហូតជាង 400 នាក់ឯណោះ ។ ដំណើរការនៃការជ្រើសរើសត្រូវបានធ្វើឡើងដោយ SabaiCode បានវាយតម្លៃយ៉ាង យកចិត្តទុកដាក់ទៅលើចំណាប់អារម្មណ៍ ការយល់ដឹង ចំណេះដឹង និងការប្តេជ្ញាចិត្តរបស់បេក្ខជនតាមរយៈការសម្ភាសន៍ជាបន្តបន្ទាប់។ ក្នុងអំឡុងពេលដំណើរនៃការជ្រើសរើស មានសិស្សនិស្សិតដែលមានសក្តានុពលជាច្រើនដែលពិតជាមានបំណងចង់ចូលរួមវគ្គបណ្តុះបណ្តាលនេះ ដូច្នេះនាំឱ្យមានការបន្ថែមនូវនិស្សិត 2 នាក់បន្ថែមទៀត។
និស្សិតជំនាន់ទី1 នេះរួមបញ្ចូលនូវយុវជនដែលមាន ចំណង់ចំណូលចិត្តខាងផ្នែកឌីជីថល មានអាយុចាប់ពី 18-26 ឆ្នាំ ដែលមកពីបណ្តាខេត្តនានារួមមាន ភ្នំពេញ កំពង់ចាម បាត់ដំបង ពោធិ៍សាត់ កំពង់ស្ពឺ កំពត និងតាកែវ។

លោក ឡេង ពិសិដ្ឋ ជាស្ថាបនិក SabaiCode បានមានប្រសាសន៍ទៀតថា៖ “យើងមានក្តីសោមនស្សរីករាយដែលមានសិត្សនិស្សិតជាច្រើន ចាប់អារម្មណ៍មកដាក់ពាក្យចូលរួមក្នុងកម្មវិធីនេះ។ ការជ្រើសរើសនិស្សិតជំនាន់ទី1 សម្រាប់កម្មវិធី Bootcamp ក្នុងឆ្នាំ2021 នេះពិតជាមិនពិបាកជាងនេះទេ។ ដោយមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើង ក្នុងការទទួលបាននូវជំនាញផ្នែកឌីជីថល ជាពិសេសគឺនៅក្នុងចំណោមយុវជន នៅក្នុងប្រទេសកម្ពុជាដែលបានបង្ហាញឱ្យ ឃើញយ៉ាងច្បាស់ក្នុងពេលធ្វើការសម្ភាសន៍របស់យើង។ យើងពិតជាមោទនភាពណាស់ដែលមាន ក្រុមហ៊ុនសែលកាតជាដៃគូរសហការរបស់ SabaiCode។ ដោយការគាំទ្ររបស់សែលកាត ទើបកម្មវិធីនេះទទួលបានភាពជោគជ័យ និងផ្តល់ឱ្យសិស្សនិស្សិតនូវការសិក្សាអប់រំ និងការបណ្តុះបណ្តាលបន្ថែមទៀត ដែលពួកគេត្រូវការដើម្បីសម្រេចក្តីសុបិន្ត និងជំនាញដែលនឹងធ្វើឱ្យពួកគេអាចប្រកបការងារ ពីចំណង់ចំណូលចិត្តផ្នែកបច្ចេកវិទ្យា”។

និស្សិត នៅ ចន្ទខេមា អាយុ 20 ឆ្នាំបាននិយាយថា៖ “ខ្ញុំជឿជាក់យ៉ាងមុតមាំថាការចូលរួមវគ្គសិក្សា Bootcamp នេះនឹងផ្តល់ឱ្យខ្ញុំនូវជំនាញនិងការណែនាំជាក់ស្តែង ដែលខ្ញុំត្រូវការដើម្បីសម្រេចបាននូវគោលដៅរបស់ខ្ញុំ ដើម្បីទទួលបានភាពជោគជ័យនៅ ក្នុងឧស្សាហកម្មបច្ចេកវិទ្យានិងភាពច្នៃប្រឌិត”។
អ៊ុំ សុម៉ាវត្តី មានអាយុ 17 ឆ្នាំជាសិស្សមកពីខេត្តកំពង់ស្ពឺបានបន្ថែមថា “ខ្ញុំជឿជាក់ថា Bootcamp នេះនឹងជួយសម្រេចក្តីសុបិន្តរបស់ខ្ញុំ ក្នុងនាមជាអ្នកសរសេរកូដម្នាក់។ ខ្ញុំសូមអរគុណដល់ក្រុមហ៊ុនសែលកាត ដែលជួយឱ្យយើងទទួលបាននូវជំនាញដែលយើងត្រូវការ”។
លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត សូមអបអរសាទរដល់សិត្សនិស្សិតដែល ត្រូវបានជ្រើសរើសនិងទទួលបានអាហារូបករណ៍។ “ ភាពជាដៃគូរវាងសែលកាតនិង SabaiCode ត្រូវបានបង្កើតឡើងដោយចក្ខុវិស័យរួមគ្នារបស់យើង ដើម្បីជួយយុវជនកម្ពុជានិងលើកកម្ពស់ ចំណេះដឹងនិងសមត្ថភាពផ្នែកឌីជីថល។ ខ្ញុំទន្ទឹងរង់ចាំមើលការរីកចម្រើន និងគម្រោងរបស់សិស្សនិស្សិតទាំងអស់គ្នា ហើយសូមជូនពរឱ្យពួកគេជួបតែសំណាងល្អ” ៕

