ភ្នំពេញ ÷ យុវជនម្នាក់បានបាក់ជើងទាំងសងខាង បន្ទាប់ពីជិះម៉ូតូលឿនដូចហោះចាប់ហ្រ្វាំងមិនទាន់ ជ្រុលទៅបុករថយន្តCRV បើកបត់ឆ្លងផ្លូវចំពីមុខពេញទំហឹង បណ្តាលឲ្យម៉ូតូប៉ើងទៅផ្ទប់និងដើមឈើ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវម៉ុងរិទ្ធី ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះជាបុរស ស្លៀកខោខូវប៊យ ពណ៌ខៀវ អាវយឺតដៃខ្លី ពណ៌ខ្មៅ នៅមិនទាន់ស្គាល់អត្តសញ្ញាណនោះឡើយ។

យោងតាមប្រភពព័ត៌មានពីបងប្រុសជាសន្តិសុខម្នាក់ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់ បានបើករថយន្តម៉ាកCRV ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ2-0 4855 ធ្វើដំណើរតាមបណ្តោយផ្លូវម៉ុងរិទ្ធី ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុបានបទឆ្វេងឆ្លងទៅផ្លូវម្ខាងទៀត ខណៈបត់ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូម៉ាក kawasaki ពណ៌ត្រួយចេកមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ1G-2207 ជិះក្នុងទិសដៅបញ្រ្ចាសគ្នា ពីកើតមកលិចក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្ត CRV ចំពីមុខពេញទំហឹងបណ្តាលឲ្យប៉ើងម៉ូតូ ទៅផ្ទប់និងដើមឈើរងរបួសធ្ងន់បាក់ជើងទាំងសងខាង ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ រីឯម៉ូតូរងគ្រោះវិញ ខូចខាតខ្ទេចផ្នែកខាងមុខទាំងស្រុង ចំណែកតៃកុងរថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចក៏បានទំនាក់ទំនង ទៅជំនាញចរាចរណ៍ឲ្យចុះមកវាស់វែង យករថយន្តបង្កនិងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌឬស្សីកែវ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត


