ភ្នំពេញ ÷ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រីចំនួន៥នាក់ រងរបួសធ្ងន់និងស្រាល ក្នុងនោះក៏មានស្ត្រីមានផ្ទៃពោះម្នាក់ផងដែរ ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយយុវជនម្នាក់ បើកបរល្មើសច្បាប់ចរាចរណ៍ ជិះម៉ូតូបញ្រ្ចាសទិសនិងខ្វះការប្រុងប្រយ័ត្ន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅពាក់ផ្លាកលេខកណ្តាល 1AD-0861 ធ្វើដំណើរពីទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ដោយបើកបរល្មើសច្បាប់ចរាចរណ៍បញ្រ្ចាសទិស បានជ្រុលចង្កូតទៅបុកម៉ូតូ២គ្រឿងទៀត ដែលកំពុងបើកបរនៅខាងមុខ បណ្តាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរចំនួន៥នាក់ រងរបួសធ្ងន់និងស្រាល ក្នុងនោះធ្ងន់៣នាក់ និងស្រាល២នាក់ ត្រូវបានបញ្ជូន តាមរថយន្តសាមុយ ទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្រ្គោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាលសង្កាត់ព្រែកកំពិស សហការជាមួយកម្លាំងជំនាញចរាចរណ៍ខណ្ឌ ចុះមកធ្វើការវាស់វែង និងឃាត់ខ្លួនយុវជនបង្កខាងលើ និងម៉ូតូទាំង៣គ្រឿង ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីដោះស្រាយគ្នា តាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖សួង សាម







