Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមហ៊ុន ម៉ានី ជួបសំណេះសំណាល សាកសួរសុខទុក្ខកងរាជអាវុធហត្ថ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ

ភ្នំពេញ ៖ឯកឧត្តមហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងក្រុមការងារបានជួបសំណេះសំណាល សាកសួរសុខទុក្ខកងរាជអាវុធហត្ថ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២ ខែកញ្ញា នេះ។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា លោកពិតជាមានសេចក្តីសោមនស្សរីករាយ ដោយមានឱកាសមកជួបកងកម្លាំងដោយផ្ទាល់ និងពាំនាំនូវជំនួយឧបត្ថម្ភ មួយចំនួនដើម្បីរួមចំណែកសម្រាលបន្ទុកខ្លះ ដល់អង្គភាព ក៏ដូចជាបងប្អូនផ្ទាល់។

ឯកឧត្តម បន្តថា កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ បាន និងកំពុងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការរក្សាការពារសន្តិភាព សន្តិសុខ និងសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ។ មិនថាក្នុងដំណាក់កាលណាទេ គឺអ៊ុ ពូមីង និងបងៗបានធ្វើការលះបង់ខ្ពស់ណាស់ក្នុងការបំពេញបេសកកម្មដ៏លំបាក និងមានគ្រោះថ្នាក់នានាសំដៅធ្វើយ៉ាងណា សម្រេចបានការការពារសន្តិសុខ សណ្តាប់ធ្នាប់រៀបរយក្នុងសង្គម។ ជាពិសេសក្នុងដំណាក់កាលនៃ ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ កងរាជអាវុធហត្ថរឹតតែខិតខំបំពេញភារកិច្ចចំពោះមុខ ដោយមិនបានចាត់ទុកហានិភ័យនៃការឆ្លងជាឧបសគ្គឡើយ។ ជាមួយគ្នានេះ ខ្ញុំពិតជាសូមកោតសរសើរ ដល់ស្មារតីទទួលខុសត្រូវរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានគិតគូរដល់សុវត្ថិភាព មន្រ្តីរាជអាវុធហត្ថ ក្នុងពេលបំពេញភារកិច្ច ក៏ដូចជាសុខទុក្ខ និងជីវភាពផ្ទាល់ខ្លួន ដោយបានដាក់ចេញវិធានការបង្ការ ការពារបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន។

ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ថា “ពិតណាស់ នៅពេលនេះ យើងទាំងអស់គ្នាកំពុងជួបការលំបាកដោយសារវិបត្តិនេះ។ ប៉ុន្តែយើងពិតជាមានភ័ព្វសំណាង ដោយយើងទាំងអស់គ្នាទទួលបាននូវការការពារ និងភាពកក់ក្តៅពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកប ដោយភាពឈ្លៀសវៃរបស់សម្តេចតេជោ។ ជាក់ស្តែង ការបានទទួលវ៉ាក់សាំងរបស់បងប្អូន និងក្រុមគ្រួសារ ព្រមទាំងការរក្សាប្រាក់បៀវត្ស និងការឧបត្ថម្ភផ្សេងៗ បានបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មកលើបងប្អូនកងកម្លាំងរបស់យើង។”

ជាថ្មីម្តងទៀត ជំនួសមុខឱ្យក្រុមគ្រួសារ សហការី និងក្នុងនាមរូបលោកផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ជូនកងរាជអាវុធហត្ថចំពោះការលះបង់ជាច្រើន សម្រាប់ប្រជាពលរដ្ឋរបស់យើង៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×