Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រៀបចំ សំអាតអនាម័យ បរិស្ថាននៅតាមសាលារៀន ដើម្បីត្រៀមបើកបង្រៀនឡើងវិញ

ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត ត្រូវរៀបចំចាត់ចែង សំអាតអនាម័យ បរិស្ថាននៅក្នុងសាលានានានៅ ក្នុងមូលដ្ឋានរបស់ខ្លួនអោយបានស្អាត ដើម្បីត្រៀមបើកសាលារៀនឡើងវិញ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយសិស្សានុសិស្ស ខកខាតមិនបានចូលរៀនយូរណាស់ហើយ ដោយសារការរីករាលដាលជម្ងឺកូវីដ-១៩ ។

ការជំរុញបែបនេះរបស់ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference )ជាមួយអាជ្ញាធរខណ្ឌទាំង១៤ កាលពីល្ងាចថ្ងៃទី០១ កញ្ញានេះ នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សាលើការរៀបចំបើកសាលារៀនអោយដំណើរការឡើងវិញ ក្រោយពី បានស្រាកស្រាន្តដោយជម្ងឺកូវីដ-១៩។

ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា មកដល់ពេលនេះស្ថានភាពជំងឺកូវីដ-១៩ បានថមថយហើយ យើងអាចបើកសាលារៀនឲ្យសិស្សានុសិស្សបានចូលរៀនវិញហើយ ពិសេសនៅកន្លែងដែលមានហានិភ័យទាប ។ ដូច្នេះឯកឧត្តមជំរុញឲ្យអាជ្ញាធរអាជ្ញាធរខណ្ឌទាំង១៤ ត្រូវដឹកនាំក្រុមការងារចុះសំអាតអនាម័យ បរិស្ថាន ជាមួយនឹងការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងទីតាំងសាលាឲ្យបានស្អាត។ បន្ថែម ពីនេះទៀត រដ្ឋបាលរាជធានីភ្នំពេញនឹងសុំអន្តរាគមន៍ពីកងទ័ពដើម្បីបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងសាលាបន្ថែមទៀត នៅពេលយើងធ្វើពិធីបើកសាលាឲ្យចូលរៀនឡើងវិញ ។

ឯកឧត្តមឃួង ស្រេង បានបញ្ជាក់ផងដែរថា សាលារៀនមួយចំនួនត្រូវ បានរដ្ឋបាលរាជធានីភ្នំពេញនិងក្រសួងសុខាភិបាល យកជាទីតាំងសម្រាប់ធ្វើជាកន្លែងចត្តាឡីស័ក និងធ្វើជាកន្លែងព្យាបាលជំងឺកូវីដ-១៩ ។ តែចាប់ពីពេលនេះតទៅ លោកជំរុញឲ្យអាជ្ញាធរខណ្ឌនិងស្ថាប័នពាក់ព័ន្ធ ត្រូវបញ្ជូនអ្នកជំងឺទៅតាមសាលារៀនទាំងនោះ ទៅដាក់នៅមណ្ឌលព្យាបាលផ្សេងវិញ ដូចជា នៅទីតាំងរៀបអាពាហ៍ពិពាហ៍ ស៊ូព្រីមៀរ សែន សុខជាដើម ។

គួរបញ្ជាក់ថា មកដល់ពេលនេះ នៅវិទ្យាល័យ ហ៊ុន សែន បុរី ១០០ខ្នង មានអ្នកជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាលប្រមាណជាង១០នាក់ និងនៅវិទ្យាល័យជា ស៊ីម សាមគ្គី មានអ្នកជំងឺប្រមាណជាង១០០នាក់ប៉ុណ្ណោះ ដែលត្រូវបញ្ជូនពួកគាត់ទៅកាន់មណ្ឌលព្យាបាលផ្សេងវិញ ដើម្បីទុកទីតាំងសាលានេះ ឲ្យសិស្សានុសិស្សបានចូលរៀនជាធម្មតាឡើងវិញ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះសម្តេចតេជោហ៊ុន សែនបានចេញ សារសម្លេងបន្ទាន់មួយ ដោយណែនាំអោយ ក្រសួង អប់រំ យុវជន និងកីឡា សហការជាមួយអាជ្ញាធរ រាជធានី ខេត្ត ដើម្បិពិនិត្យមើលលើការបើកសាលារៀនឡើងវិញ នៅតាមភូមិ ឃុំដែលមិនមានការឆ្លងជំងឺកូវីដ-១៩ និងកន្លែងដែលឆ្លងតិច ដោយមិនត្រូវរងចាំការបើកសាលារៀនព្រមគ្នានៅទូទាំងប្រទេសនោះឡើយ ប៉ុន្តែត្រូវរក្សាគម្លាតសុវត្ថិភាព និងគោរពតាមវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×