Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កំណត់ឱ្យ អាជីវកម្មទេសចរណ៍ធំៗ ៤ អនុវត្តវិធានសុវត្ថិភាព និងនីតិវិធីស្តង់ដារ

ភ្នំពេញ ៖​ ក្នុងពិធីផ្សព្វផ្សាយបទដ្ឋានគតិយុត្ត «ការធ្វើបច្ចុប្បន្នភាពនៃការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនិតិវិធីស្តង់ដារប្រតិបត្តិអប្បបរមា (ហៅកាត់ថា SOP) តាមគន្លងប្រក្រតីភាពថ្មី ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូអនឡាញ (Zoom Meeting) នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១, លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា អាជីវកម្មទេសចរណ៍ធំៗចំនួន ៤ ត្រូវកំណត់រៀបចំឱ្យស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌនៃការអនុវត្តមួយចំនួន ឆ្លើយតបទៅនឹងគន្លងប្រក្រតីភាពថ្មីតាមស្ថានភាពបច្ចុប្បន្ន។

អាជីវកម្មទេសចរណ៍ធំៗចំនួន ៤ ដែលកំពុងធ្វើសកម្មភាពនេះ រួមមាន ១- អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ , ២- អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍, ៣- រមណីយដ្ឋានទេសចរណ៍, និង ៤- សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។

ការដាក់ឱ្យអនុវត្តបទដ្ឋានគតិយុត្ត «ការធ្វើបច្ចុប្បន្នភាពនៃការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនិតិវិធីស្តង់ដារប្រតិបត្តិអប្បបរមា (ហៅកាត់ថា SOP) តាមគន្លងប្រក្រតីភាពថ្មីនេះ ត្រូវបានដាក់ឱ្យអនុវត្តជាកាតព្វកិច្ច និងជាលក្ខណ្ឌបន្ថែមក្នុងការស្នើសុំថ្មី ឬបន្តអាជ្ញាបណ្ណទេសចរណ៍ ព្រោះនេះជាវិធានសុវត្ថិភាព ដើម្បីរក្សាបាននូវស្ថិរភាពអាជីវកម្ម និងធានាបាននូវសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា មូលដ្ឋានអាជីវកម្មទេសចរណ៍ណា ដែលបំពេញបានតាមលក្ខណៈវិនិច្ឆ័យដូចបានកំណត់ក្នុងវិធានសុវត្ថិភាពទេសចរណ៍ខាងលើ នឹងទទួលបានលិខិតបញ្ជាក់ទទួលស្គាល់អាជីវកម្មដែលមានសុវត្ថិភាពប្រឆាំងនឹងកូវីដ-១៩។

វិធានសុវត្ថិភាពទេសចរណ៍ និងនិតិវិធីស្តង់ដារនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើសុំឱ្យរដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធត្រូវចុះអនុវត្ត ចុះណែនាំ និងផ្សព្វផ្សាយដល់គ្រប់មូលដ្ឋានអាជីវកម្ម និងត្រូវរាយការណ៍ជាប្រចាំ ពិសេសត្រូវអប់រំប្រជាពលរដ្ឋ ភ្ញៀវទេសចរ បុគ្គលបម្រើការនៅតាមគោលដៅទេសចរណ៍នីមួយៗ និងប្រតិបត្តិករទេសចរណ៍ដែលជាដៃគូសហការ ធ្វើយ៉ាងណាឱ្យពង្រឹងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងធានាឱ្យបាននូវសុខសុវត្ថិភាពជូនភ្ញៀវទេសចរ។

ដូច្នេះ យើងទាំងអស់គ្នា ត្រូវប្រែក្លាយការគំរាមកំហែងពីជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ដើម្បីជំរុញការទាក់ទាញទេសចរក្នុងស្រុក និង អន្តរជាតិ។ ម៉្យាង នៅពេលអាជីវកម្មទេសចរណ៍ទាំង ៤ នេះ អនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនិតិវិធីស្តង់ដារប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីបានត្រឹមត្រូវ គឺនឹងទទួលបានក្ដីទុកចិត្តពីសំណាក់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×