ភ្នំពេញ ៖ ក្នុងកម្មវិធីដាក់ដំណើរការផ្លូវការ ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ រៀបចំឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍ខ្លះៗ ដល់បណ្ដាអាជីវកម្មឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងប្រតិបត្តិការរបស់ខ្លួន ដើម្បីជាមធ្យោបាយពង្រីកទីផ្សារ ដូចជា ការលក់ដូរអនឡាញ និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាដើម។

អនុសាសន៍ របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដល់វិស័យឯកជន ក្នុងការចាប់ផ្តើមគិតគូរធ្វើបរិវត្តកម្មឌីជីថល រួមមាន ÷
- គួរផ្លាស់ប្តូរផ្នត់គំនិត និងរបៀបរបបធ្វើការតាមយុគបច្ចេកវិទ្យាឌីជីថល ព្រោះការធ្វើបរិវត្តកម្មឌីជីថល មិនមែនជាដំណើរការដែលធ្វើតែមួយលើក ឬមួយពេលនោះទេ ពោលគឺ ជាដំណើរការដែលត្រូវធ្វើជាប្រចាំ ដូច្នេះយើងត្រូវពង្រឹងសមត្ថភាពសម្របខ្លួន (Adaptability) និងសមត្ថភាពផ្លាស់ប្តូររហ័ស (Agility) ដើម្បីរកដំណោះស្រាយថ្មីៗ ធ្វើឱ្យបរិវត្តកម្មឌីជីថល កាន់តែមានប្រសិទ្ធភាព និងមានសម្ទុះលឿន។
- កំណត់អាទិភាពនៃការធ្វើឌីជីថលូនីយកម្ម ទាំងលើផ្នែកប្រតិបត្តិការ និងផ្នែកទីផ្សារ។
- ពង្រឹងកិច្ចសហប្រតិបត្តិការ និងសហបង្កើតថ្មី (Co-creation) រវាងរដ្ឋ និងឯកជន ឬឯកជន និងឯកជន ព្រមទាំងពិនិត្យ និងស្វែងរកកម្មវិធីគាំទ្រផ្សេងៗ របស់រាជរដ្ឋាភិបាល ដែលកំពុងតែត្រូវបានដាក់ចេញ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN










