Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីស្រាអែល វាយតម្លៃខ្ពស់ចំពោះនិស្សិតកម្ពុជា ដែលបានសិក្សានិងហាត់ការ នៅប្រទេសអ៊ីស្រាអែល កន្លងមក

ភ្នំពេញ ៖ អ៊ីស្រាអែល វាយតម្លៃខ្ពស់ចំពោះនិស្សិតកម្ពុជា ដែលបានសិក្សានិងហាត់ការ នៅប្រទេសអ៊ីស្រាអែលកន្លងមក និងបានស្នើសុំនិស្សិតកម្ពុជាចំនួន ២០០នាក់ បន្ថែមទៀត ពីវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប សម្រាប់ឆ្នាំសិក្សា ២០២២។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ បានថ្លែងសារលើហ្វេសប៊ុកថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ្ញុំសូមចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះក្មួយនិស្សិតចំនួន ៧០ នាក់ បានវិលត្រឡប់មកកម្ពុជាវិញ ក្រោយពីទទួលបានបណ្តុះបណ្តាល នៅប្រទេសអ៊ីស្រាអ៊ែល ក្នុងរយៈពេលមួយឆ្នាំ ប្រកបដោយជោគជ័យ។

សូមបញ្ជាក់ថា៖ កាលពីឆ្នាំ២០១៩ មជ្ឈមណ្ឌលហ្វឹកហ្វឺនកសិកម្ម Sedot Negev បានព្រមព្រៀងជាមួយ វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ទទួលយកនិស្សិត៥០នាក់ ដើម្បីចូលរួម កម្មវិធីរៀននិងរក (LEARN&EARN Program) សម្រាប់រយៈពេល១១ខែ នៅប្រទេសអ៊ីស្រាអែល។ ក្នុងកម្មវិធីនេះ និស្សិតត្រូវរៀនជំនាញប្រមាណ៥០០ម៉ោង និងអនុវត្តជាក់ស្តែង នៅតាមបណ្តារក្រុមហ៊ុនផ្សេងៗ ដើម្បីទទួលបានជំនាញតាមរយៈការហាត់ការ និងប្រាក់កម្រៃតាមការព្រមព្រៀង និងក្នុងក្របខណ្ឌច្បាប់របស់ប្រទេសអ៊ីស្រាអែល។ ក្រៅពីការសិក្សានិងហាត់ការជាក់ស្តែង កម្មវិធីនេះ ក៏បានរៀបចំឱ្យសម្រាប់និស្សិត ទៅកំសាន្តនិងសិក្សាស្វែងយល់អំពី តំបន់ផ្សេងៗរបស់ប្រទេសអ៊ីស្រាអែល។

និស្សិតទាំងអស់ បានទទួលធានារ៉ាប់រងសុខភាព ក្នុងអំឡុងពេលនៃការស្នាក់នៅក្នុងប្រទេសអ៊ីស្រាអែល។ ដោយឡែកនៅក្នុងបរិបទកូវីដ-១៩ មជ្ឈមណ្ឌល Sedot បានរៀបចំឱ្យមានការចាក់ថ្នាំបង្ការកូវីដ-១៩ សម្រាប់និស្សិតទាំងអស់ ពោលគឺនិស្សិតបានទទួលថ្នាំបង្ការកូវីដ-១៩ ដូចប្រជាជនអ៊ីស្រាអែលដែរ។ ក្នុងពេលដែលមានការបាញ់ប្រហារគ្នា រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន និស្សិតទាំំងអស់ទទួលបានការណែនាំអំពី របៀបការពារខ្លួន ដោយមិនមាននិស្សិតណាម្នាក់ទទួលរងគ្រោះដល់អាយុជីវិតឡើយ។

ការលំបាកក្នុងការធ្វើដំណើរ ដែលបណ្តាលមកពីកូវីដ-១៩ បាននាំឱ្យមានការពន្យារពេលនៃការត្រលប់មកកម្ពុជាវិញ។ ទោះបីយ៉ាងណាក៏ដោយ និស្សិតទាំំងអស់ ៧០ នាក់ របស់ វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប បានត្រឡប់មកដល់កម្ពុជាវិញដោយជោគជ័យ ដែលក្នុងនេះ ក្រុមទី១ ចំនួន៣៣ នាក់ បានមកដល់កម្ពុជាកាលពីខែមិនា និងក្រុមទី២ដែលមានចំនួន៣៧នាក់ បានវិលត្រឡប់មកដល់កម្ពុជា ដោយសុវត្ថិភាព នៅល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១។ បច្ចុប្បន្ន និស្សិតទាំង៣៧នាក់ កំពុងស្ថិតក្នុងចត្តាឡីស័កនៅរាជធានីភ្នំពេញ។

ដោយមើលឃើញពីការខិតខំសិក្សា និងអាកប្បកិរិយាល្អរបស់និស្សិតកន្លងមក មជ្ឈមណ្ឌលហ្វឹកហ្វឺនកសិកម្ម Sedot Negev បានស្នើបង្កើនចំនួននិស្សិតរហូតដល់២០០នាក់សម្រាប់ឆ្នាំ២០២២។ តាមការគ្រោងទុក និស្សិត២០០នាក់ នឹងចេញទៅប្រទេសអ៊ីស្រាអែល នៅចុងឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×