ភ្នំពេញ ÷ បុរសម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកឯនារីអង្គុយពីក្រោយ បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាលឿនពេក ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តម៉ាកព្រូស កំពុងបើកឆ្លងភ្លើងស្តុបចំពាក់កណ្ដាលទ្វារខាងឆ្វេង ពេញទំហឹងដួលបោកក្បាលនឹងថ្នល់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៣និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម កែងនឹងផ្លូវ២១៤ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សពជនរងគ្រោះជាបុរស នៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ បច្ចុប្បន្នសព កំពុងតែតម្កល់ទុកនៅវត្តទឹកថ្លា។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគាត់បានឃើញ រថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ1AG-7411 បើកបរដោយបុរសម្នាក់ធ្វើដំណើរ តាមបណ្ដោយផ្លូវ ២១៤ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុ ស្តុបផ្លូវបំបែកជាបួន ស្រាប់តែគេឃើញមានបុរសជនរងគ្រោះបានជិះម៉ូតូម៉ាកស្គុបពីមួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ 1ID-5312 បានឌុបនារីម្នាក់ពីក្រោយ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោមត្ត ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន បានជ្រុលទៅបុ.ករថយន្តព្រូស ចំពីចំហៀងទ្វារខាងឆ្វេង ពេញទំហឹងបណ្តាលឲ្យបុរសរងគ្រោះ ដួលបោកក្បាលនឹងថ្នល់ស្លា.ប់ភ្លាម ៗ រីឯបនារីអង្គុយពីក្រោយរងរបួសធ្ងន់។ ចំណែកឯរថយន្តបង្ក បន្តបើករត់គេចទៅមុខ តែរត់មិនរួចត្រូវសមត្ថកិច្ច តាមឃាត់បានទាំងតៃកុងនិងរថយន្ត។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌដូនពេញ ចុះមកដល់រួចក៏បានទំនាក់ទំនង ទៅខាងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តបង្កនិងម៉ូតូ រងគ្រោះទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ បន្ទាប់មកធ្វើកំណត់ហេតុ ប្រគល់សពឱ្យខាងរថយន្តសាមុយ ដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត






