ព្រៃវែង ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង នៃខេត្តព្រៃវែង បានថ្លែងថា ការត្រៀមបើកសាលារៀនឡើងវិញនេះ គឺអនុវត្តតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, ដូច្នេះ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ រូបលោក រួមដំណើរជាមួយមន្ត្រីអាជ្ញាធរ បានចុះពិនិត្យ និងធ្វើការកែសម្រួលទៅលើកន្លែងព្យាបាល និងកន្លែងធ្វើចត្តាឡីស័កកូវីដ-១៩ ឲ្យនៅដាច់ដោយឡែក ដើម្បីត្រៀមបើកសាលារៀនឡើងវិញ នៅដើមសប្តាហ៍ក្រោយ។

ការកែសម្រួលនេះ គឺធ្វើយ៉ាងណា កំណត់យកទីតាំងបើកសាលារៀនឡើងវិញ ឱ្យស្ថិតនៅតំបន់ដែលគ្មានការឆ្លង ឬមានការឆ្លងតិច នៃជំងឺកូវីដ-១៩ ដើម្បីកុំឲ្យសិស្សានុសិស្ស មានហានិភ័យ។
ទាក់ទងនឹងការបើកសាលារៀនឡើងវិញនេះផងដែរ មន្ត្រីអាជ្ញាធរស្រុកពារាំង នៃខេត្តព្រៃវែង បានឱ្យដឹងថា មុននេះក្រុមការងារបានពិនិត្យរួចម្ដងហើយ ថានឹងដំណើរការបើកសាលាឡើងវិញ នៅថ្ងៃទី៦ ខែកញ្ញា សប្តាហ៍ក្រោយ ដោយអនុវត្តម៉ឺងម៉ាត់នូវវិធានអនាម័យ ពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព នៅក្នុងថ្នាក់រៀន ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩។
នាយឧត្តមសេនីយ៍ ប្រធានក្រុមការងារ ស្រុកពារាំង នៃខេត្តព្រៃវែង បានមានប្រសាសន៍ទៅកាន់ក្រុមមន្ត្រីថា ជាការព្រួយបារម្ភរបស់លោក អ៊ីចឹងទេ លោកសូមផ្ដាំផ្ញើដល់គណៈគ្រប់គ្រងសាលា ត្រូវយកចិត្តទុកដាក់ធ្វើសកម្មភាពបោសសំអាត និងបាញ់ថ្នាំសម្លាប់មេរោគនៅតាមបរិស្ថានសាលា និងនៅក្នុងថ្នាក់រៀនឲ្យបានល្អ និងតាមដានសុខភាពសិស្សានុសិស្ស៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN






