ភ្នំពេញ ៖ រហូតមកដល់ពេលនេះពិធីការិនីល្បីឈ្មោះ កែវ ចាន់និមល និងតារាចម្រៀង វី ឌីណែត បានត្រឡប់មកលើឆាកតន្ត្រីវិញហើយ ក្រោយផ្អាកការងារមួយរយៈ ខណៈពេលតារាចម្រៀងនាង សួស វីហ្សា នៅមិនទាន់វិលមកវិញដោយបន្តនៅផ្ទះ។

ទាំង កែវ ចាន់និមល និង វី ឌីណែត ត្រូវបានគេមើលងាយវិលមកអាជីពសិល្បៈរបស់ខ្លួនជាថ្មីឡើងវិញ កាលពីសប្តាហ៍កន្លងទៅ។
កែវ ចាន់និមល បានផ្អឹបការងាររបស់ខ្លួនមួយរយៈ ចាប់តាំងពីនាងបានឆ្លងជំងឺកូវីដ ពីក្រុមការងារដែលនាងបានបំពេញជាមួយ។
យ៉ាងណា បន្ទាប់ពីបានព្យាបាលជាសះស្បើយតារារូបនេះ មិនបានវិលមកកាន់ក្បាលមេក្រូ ធ្វើជាពិធីការិនីភ្លាមៗនោះឡើយ ពោលនាងបានសម្ងំតែនៅក្នុងផ្ទះ។ ពិធីការិនីរូបនេះ បានប្រើពេលវេលាពីការផ្អាកការងាររបស់ខ្លួន ដើម្បីជួបជុគ្រួសារ និងឆ្លៀតពេលដើរកម្សាន្តទីកន្លែងនានាផងដដែរ។
ពិសេសជាងនេះ នៅមុនពេលនាងវិលមកកាន់អាជីពរបស់ខ្លួនឡើងវិញនាពេលនេះ កែវ ចាន់និមល និងគ្រួសារក៏ទើបតែវិលពីការដើរកម្សាន្ត នៅលើកទឹកដីអាមេរិកផងដែរ។
ការវិលមកអាជីពសិល្បៈនេះ កែវ ចាន់និមល ក៏បានប្រកាសឲ្យប្រិយមិត្តគាំទ្របានដឹង និងបានថ្លែងអំណរគុណ ទស្សនិកដែលបានរងចាំរូបនាង។

មិនខុសពី កែវ ចាន់និមល តារាចម្រៀងដែលជាកូនស្រី របស់តារាចម្រៀងជើងចាស់លោក ហ៊ួរ ឡាវី គឺនាង វី ឌីណែត ការបានសម្ងំនៅក្នុងផ្ទះ មិនទាន់ទទួលយកការងារសិល្បៈភ្លាមៗដែរ បន្ទាប់ពីនាងបានជាសះស្បើយពីជំងឺកូវីដ១៩។
មិនមែនជារឿងប្លែកទេ ដែលតារាចម្រៀងរូបនេះ មិនទាន់វិលរកឆាកតន្ត្រីភ្លាម ក្រោយជាសះស្បើយនោះ ដោយសារនាងនៅតែមានអារម្មណ៍តក់ស្លុត និងភ័យខ្លាចពីការឆ្លងជំងឺដ៏កាចសាហាវមួយនេះនៅឡើយ។
ម្យ៉ាងទៀតនាងនៅមិនទាន់កាត់ចិត្តបាន ពីការទទួលមរណភាពម្តាយ របស់នាងដោយសារជំងឺកូវីដ១៩ ហេតុនេះនាងនៅមិនទាន់អាចឡើងច្រៀងរាំ សប្បាយភ្លាមៗនោះឡើយ។

ទោះជាយ៉ាងណា ការវិលមកឆាកតន្ត្រីជាថ្មីឡើងវិញរបស់ វី ឌីណែត នាពេលនេះនាងក៏នៅតែទទួលការគាំទ្រពីទស្សនិកជនដដែល។
ដោយឡែកសម្រាប់តារាចម្រៀងនាង សួស វីហ្សា វិញគឺនៅមិនទាន់ហ៊ានឈានជើងឡើងឆាកតន្ត្រីជាថ្មីឡើងវិញនៅឡើយទេ បន្ទាប់ពីនាងបានជាសះស្បើយពីជំងឺកូវីដ១៩។
តារារូបនេះបានបន្តស្នាក់នៅផ្ទះ របស់នាងជាមួយគ្រួសារយ៉ាងសប្បាយរីករាយ ដោយមិនទាន់នឹកគិតការវិលរក អាជីពសិល្បៈជាថ្មីនាពេលនេះឡើយ។

សួស វីហ្សា ធ្លាប់បានលើកឡើងថា រហូតមកទល់ពេលនេះ អារម្មណ៍ភ័យខ្លាចពីការឆ្លងជំងឺកូវីដ១៩ របស់នាងនៅមិនទាន់រលត់អស់នៅឡើយទេ ហេតុនេះនាងនៅមិនទាន់អាចវិលមកឆាកសម្តែងនាពេលនេះឡើយ។
យ៉ាងណានាងបានថ្លែងអំណរគុណ ដល់បណ្តាអ្នកកាន់កម្មវិធីនានា ដែលតែងតែផ្តល់ឱកាសដល់រូបនាងជាបន្តបន្ទាប់។
សួស វីហ្សា សង្ឃឹមថា នាងនឹងវិលមកជួបទស្សនិកជន ជាពិសេសប្រិយមិត្តគាំទ្របទចម្រៀងរបស់នាងជាថ្មីឡើងវិញ នៅក្នុងអំឡុងពេលឆាប់ៗខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV







