ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ២០២១ បានបើកសវនាការជំនុំជម្រះ ជនជាប់ចោទ ស្រី ប្រុស ចំនួន ០២ នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើស រក្សាទុក និងជួញដូរ នូវសារធាតុញៀនជិត ០២គីឡូក្រាម ប្រព្រឹត្តកាល នៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងខែមិថុនា ឆ្នាំ ២០២០។

លោក ធ្ធាំ ប៊ុណ្ណា ជាចៅប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា ជនជាប់ចោទទាំងពីរនាក់ខាងលើនេះ មានឈ្មោះទី១ ឈុន សុមេធា ភេទប្រុស មានមុខរបរមុនចាប់ខ្លួន ជា នាយកការរិយាល័យប្រឆាំងគ្រឿងញៀន របស់កងរាជអាវុធហត្ថខេត្ត តាកែវ , និងទី២ មានឈ្មោះ កេន ចាន់រី ភេទស្រី មុខរបរ មិនពិតប្រាដក ។ អ្នកទាំង២នាក់ គឺ ជាគូរស្នេហ៍នឹងគ្នា។
លោកចៅក្រមបានបញ្ជាក់ថា ជនជាប់ចោទទាំង០២នាក់ ត្រូវបានតំណាងអយ្យការចោទ ប្រកាន់ពីបទ «ការរក្សាទុក និង ជួញដូរដោយខុសច្បាន់ នូវសារធាតុញៀន» តាមមាត្រា ៤០ នៃច្បាប់សី្តពីការត្រួតពិនិត្យគ្រឿងញៀន (និង ប្រឈមនឹងការជាប់គុក ក្នុងម្នាក់ៗ អស់មួយជីវិត ប្រសិនបើតុលាការ រកឃើញពីពិរុទ្ធភាព)។
លោកចៅក្រមបានបន្ថែមថា ពួកគេទំាង ០២ នាក់ ត្រូវបានចាប់ឃាត់កាលពីថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០២០ ដោយ កម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងបទលើ្ស គ្រឿងញៀន នៃ ក្រសួងមហាផ្ទៃ នៅចំណុចច្រមុះជ្រួក ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាល រឹបអូសបានគ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន ចំនួនជិត ០២ គីឡូក្រាម កាំភ្លើងខ្លីចំនួន ០២ ដើម និង វត្ថុតាង ពាក់ព័ន្ធមួយ ចំនួនផ្សេងទៀត ពីពួកគេ។
នាពេលសវនាការ ជនជាប់ចោទទាំង០២នាក់ បានឆ្លើយបដិសេធថាពួកមិនបានប្រព្រឹត្តអ្វី ដូចការចោទ ប្រកាន់នោះឡើយ។ ពួកគេនិយាយប្រាប់ អង្គសវនកាថា ក្នុងករណីនេះ គឺ មានគេធ្វើស៊ីពួកគេ ដោយរៀបចំ ភស្តុតាង ដើម្បីទម្លាក់កំហុស និង ចាប់ខ្លួនពួកគេ។
ឈុន សុមេធា និយាយថា នៅពេលដែលសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿង ញៀនបានឃាត់ខ្លួនគាត់នោះ សមត្ថកិច្ចនគរបាល ដែលបានសួរចឆ្លើយគាត់បានទាមទារលុយ ពីគាត់ និង ប្រពន្ធរបស់គាត់ផងដែរ។
ជនជាប់ចោទទាំង០២ នាក់ បានសំណូមពរអោយ ចៅក្រមក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ មេត្តា ជួយរកការពិត រកយុត្តិធម៌ ដោយសម្រេចទម្លាក់ការចោទ ប្រកាន់ និង ដោះលែងពួកគេ ឲ្យមានសេរីភាពវិញ។
សំណុំរឿងក្តីនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រម នៅចុងខែ កញ្ញា ឆ្នាំ ២០២១៕ រក្សាសិទ្ធិដោយ ចន្ទា ភា