ភ្នំពេញ ÷ បុរសម្នាក់សម្រេចចិត្តបម្រុងនឹងមកបញ្ចប់ជីវិត លើស្ពានព្រះមុន្នីវង្សថ្មី ដោយសារតែមានវិបត្តិក្នុងគ្រួសារ សំណាងល្អអ្នកធ្វើដំណើរនៅទីនោះជួយលួងលោមនិងឃាត់ទាន់ពេលវេលា។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១២រសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅចំកណ្តាលស្ពានព្រះមុន្នីវង្សថ្មី សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដែលមានព្រំប្រទល់ជាប់នឹងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។

បុរសខាងលើនេះមានឈ្មោះ ប៉ុច អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត នៅឯខេត្តព្រៃវែង។
យោងតាមការរៀបរាប់ទាំងទឹកមុខញញឹមញញ៉ែម របស់បុរសខាងលើ បានប្រាប់ឲ្យដឹងថា មូលហេតុដែលរូបគេចង់សម្លា.ប់ខ្លួន ដើម្បីបញ្ចប់ជីវិតខ្លួនឯងចោលកូនៗ ជាទីស្រឡាញ់ទាំង៣នាក់នេះ ដោយសារតែខឹងប្រពន្ធសុំលែងលះ ជាមួយនិងរូបគាត់។
ក្រោយពេលសមត្ថកិច្ច និងបងប្អូនអ្នកដំណើរ ជួយឃាត់នឹងលួងលោមឲ្យបុរសខាងលើនេះ ឈប់គិតខ្លីចង់សម្លា.ប់ខ្លួនបែបនេះទៀតអី ព្រោះរូបគាត់នៅមានកូនបីនាក់ដែរ ដែលត្រូវមើលថែ ទោះបីប្រពន្ធបែកផ្លូវគ្នាក៏ដោយ ត្រូវតែតស៊ូប្រឹងប្រែង រកលុុយរកកាក់ចិញ្ចឹមកូនបន្តទៀត ហើយបុរសខាងលើ ស្តាប់តាមការលួងលោម ដោយមានការអាណិតអាសូរ ពីបងប្អូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានបានរៃអង្គាសលុយគ្នាបន្តិចបន្តួច ជូនបុរសខាងលើ ជិះរថយន្តតាក់ស៊ីទៅស្រុកកំណើត ដើម្បីមើលថែទាំកូនៗទាំង៣នាក់ របស់គាត់វិញ៕ រក្សាសិទ្ធិដោយ ៖ សួង សាម



