ភ្នំពេញ៖ មន្ត្រីជំនាញនៃការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី០៣ ខែ កញ្ញា ឆ្នាំ ២០២១ បានកសាងសំណុំរឿង និងខ្លួនបុរសជនសង្ស័យចំនួន ០១នាក់ ទៅ កាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ជាពាក់ព័ន្ធករណីក្លែងធ្វើជាសមត្ថកិច្ចអាវុធហត្ថ រួចយកថ្នាំ ចំនួនកញ្ចប់តូច ទៅ ដាក់ក្នុងបន្ទប់ជួល ប្តីប្រពន្ធ ២នាក់ ដែលជាកម្មកររោងចក្រ ទម្លាក់កំហុស ជនរងគ្រោះថា ជនជួញដូរគ្រឿងញៀន និង បានកៀបស៊ីលុយចំនួន ៥០០ ដុល្លារអាមេរិកពីជនរងគ្រោះ រួចគេចខ្លួន។
ករណីការកៀបស៊ីលុយ ពីជនរងគ្រោះ នេះ បានកើតឡើង កាលពីវេលាម៉ោង ១១:៣០នាទី អាធ្រាត ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅក្នុង បន្ទប់ជួល របស់កម្មករ២នាក់ប្តី-ប្រពន្ធ ស្ថិតក្នុង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចកងរាជអាវុធហត្ថភ្នំពេញ បានឲ្យដឹងថា បុរសកំហូច និងជាជនសង្ស័យរូបនេះ មានឈ្មោះ រ៉ូ ថារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរអ្នកបើកបររថយន្ត មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៩៥៧ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកឯ គូកនចំនួន៥នាក់ទៀត បានរត់គេចខ្លួន។
ឥឡូវនេះ សមត្ថកិច្ចអាវុធហត្ថជំនាញ រាជធានីភ្នំពេញ កំពុងតែបន្តការស្រាវជ្រាវដើម្បីតាមចាប់បក្ខពួក៥នាក់ទៀតកំពុងគេចខ្លួន ដើម្បី យកទៅអនុវត្តតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ចន្ទា ភា