សៀមរាប ៖ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុល កំពែងក្រុងអង្គរធំ ប្រវែង២៥ម៉ែត្រ នៅខាងកើតខ្លោងទ្វារដីឆ្នាំង ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ។
គម្រោងជួសជុលដែលចាប់ដំណើរការ ពីខែមីនា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ សម្រេចបានជាង៧០ភាគរយហើយ។ ការងារនេះ មានការលំបាកយ៉ាងខ្លាំង ដោយដីមានការរលុះខ្លាំង ថ្មខឿនផ្នែកខាងក្រោម និងគ្រឹះមានការបាត់បង់ និងពុកផុយច្រើន ដែលតម្រូវឱ្យយើងធ្វើការពង្រឹង និងរៀបឡើងវិញទាំងអស់។ កិច្ចការនេះ គ្រោងនឹងបញ្ចប់នាដំណាច់ខែធ្នូ ឆ្នាំ២០២១ ខាងមុខ ។
សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៣ មកដល់បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុលកំពែងក្រុងអង្គរធំ ដែលទទួលរងការខូចខាតខ្លាំង បានចំនួន១០កន្លែង មានប្រវែងសរុបចំនួន១៦០ម៉ែត្រ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ