ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ឹម វណ្ណៈ កាលពីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ បានចេញដីកាឃុំខ្លួនបុរសត្រូវចោទម្នាក់ និង បានបញ្ជូនខ្លួន ទៅឃុំខ្លួនជាបណ្តោះ អាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរងចាំដោះស្រាយ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការលួចលុយក្រុមហ៊ុន ចំនួនជាង៨០០ដុល្លារអាមេរិក។
យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោកចៅក្រមស៊ើបសួរ បានឲ្យដឹងថា ជនត្រូវចោទរូបនេះ មាន ឈ្មោះ មៀត តារាវិតធីយ៉ា ភេទប្រុស អាយុ៣៣ ឆ្នាំ ជាអតីតជាបុគ្គលិក និង ជាអ្នកគ្រប់គ្រងទូទៅ ហាងនំភីហ្សា PAPA John’s ដែលមានទីតាំងស្ថិតនៅអាគារលេខ១០ ផ្លូវលេខ ៣៥២ កែងផ្លូវលេខ៥១ ភូមិ៨ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ឈ្មោះ មៀត តារាវិតធីយ៉ា ត្រូវតំណាងអយ្យការចោទប្រកាន់ពីបទ «លួច» និង ត្រូវបានសមត្ថតកិច្ចនគរបាលខណ្ឌបឹងកេងកង ចាប់ឃាត់ខ្លួន តាមបណ្តឹងរបស់ថៅកែក្រុមហ៊ុន កាលពីថ្ងៃទី០២ ខែកញ្ញា បន្ទាប់គាត់ ត្រូវបានចោទប្រកាន់ថា បានលួចលុយចំនួន ជាង៨០០ដុល្លារអាមេរិក និងទូរស័ព្ទស៊េរីទំនើបចំនួន០៨គ្រឿង ពីក្រុមហ៊ុនដែលខ្លួនបម្រើការនោះ ។
ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះ ឈ្មោះ មៀត តារាវិតធីយ៉ា មិនអាចទាក់ទង ដើម្បីសុំការបំភ្លឺបានឡើយ៕ រក្សាសិទ្ធិ ដោយ ៖ ចន្ទាភា
