Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូស្ត្រាលី​បន្ត​គាំទ្រ កំណែទម្រង់ រដ្ឋបាល​សាធារណៈ​នៅ​កម្ពុជា​

spot_img

ភ្នំពេញ ៖ ឯកអគ្គរាជទូត​អូស្ត្រាលី Kang បាន​ថ្លែងថា មុខងារសាធារណៈ​ដែលមាន​ប្រសិទ្ធភាព មាន​សារៈសំខាន់​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការផ្តល់​សេវាសាធារណៈ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​នៅ​សប្តាហ៍​នេះ ឯកអគ្គរាជទូត Kang បាន​ជួប​ជាមួយ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រី ក្រសួង​មុខងារ សាធារណៈ និង​ថ្មីៗ​នេះ ត្រូវបានតែងតាំង​ជា ប្រធាន​គណៈកម្មាធិការ​កែទម្រង់រដ្ឋបាល​សាធារណៈ ដើម្បី​ពិភាក្សា​អំពី​ការគាំទ្រ​ជា​បន្ត​របស់​អូស្ត្រាលី ចំពោះ​ការផ្តល់សេវា​សាធារណៈ​ដ​ល់​ប្រជាជន​កម្ពុជា​។​

មាន​មោទនភាព​ដែល​បានធ្វើការ​ជាមួយ ក្រសួង​មុខងារសាធារណៈ Ministry of Civil Service Cambodia និង​ក្រសួង​ពាក់ព័ន្ធ នៅ​កម្ពុជា ដើម្បី​ផ្តល់​ការគាំទ្រ​ដល់ វិស័យ​សុខាភិបាល វិមជ្ឈការ​និង​គណនេយ្យភាព​សង្គម និង​កំណែទម្រង់រដ្ឋបាល​សាធារណៈ​។​

​បើតាម​ក្រសួង​មុខងារសាធារណៈ ៖ រសៀល​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២១ ឯកឧត្ដម Pablo Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា បាន​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ នៅ​ទីស្តីការក្រសួង​។​

​ក្នុងជំនួប​នេះ ឯកឧត្ដម​រដ្ឋមន្ត្រី និង​ឯកឧត្ដម​ឯកអគ្គរដ្ឋទូត បាន​វាយតម្លៃ​ខ្ពស់​ប្រកបដោយ​ក្តី​សោមនស្ស​រីករាយ ចំពោះ​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ កម្ពុជា​និង​អូស្ត្រាលី​។ ភាគី​ទាំងពីរ បាន​ពិភាក្សា​និង​ឯកភាពគ្នា​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​កំណែទម្រង់រដ្ឋបាល​សាធារណៈ​រួមមាន​៖ ការគាំទ្រ​លើ​កម្មវិធី​ជាតិ​កំណែទម្រង់រដ្ឋបាល​សាធារណៈ​កម្ពុជា ការរៀបចំ​សេចក្តីព្រាង​ច្បាប់​ស្តីពី​ការផ្តល់​សេវាសាធារណៈ វគ្គ​បណ្តុះបណ្តាល​ភាពជា​អ្នកដឹកនាំ និង​នវានុវត្តន៍​សម្រាប់​មន្ត្រី​រាជការ និង​ការរៀបចំ​ផែនការ​និរន្តរភាព​ការងារ​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​

​ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ក៏បាន​ថ្លែងអំណរគុណ​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ជំនួយ​របស់ រដ្ឋាភិបាល​អូស្ត្រាលី​សម្រាប់​វិស័យ​សុខភាព​សាធារណៈ​របស់​កម្ពុជា ពិសេស​ជំនួយ​ផ្នែក​សុខាភិបាល សម្រាប់​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​ការផ្ដល់​អាហារូបករណ៍​ដល់​និស្សិត និង​មន្ត្រីរាជការ​កម្ពុជា​សម្រាប់​ការសិក្សា​នៅ​អូស្ត្រាលី​។​

​ក្នុងឱកាស​នោះដែរ ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ឯកឧត្ដម​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី បាន​ផ្លាស់ប្ដូរ​មតិ ជុំវិញ​ខួប​៣០​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ ដោយបាន​ធ្វើការ​កត់សម្គាល់ ពី​ការ​ជ្រោមជ្រែង​របស់​សហគម​ន៍​អន្តរជាតិ​ចំពោះ​កម្ពុជា​ឱ្យសម្រេចបាន​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ​ឡើង ហើយ​ដែល បានរួម​ចំណែក​ដល់​បុព្វហេតុ​សន្តិភាព និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

​ឯកឧត្ដម​រដ្ឋមន្ត្រី ព្រុំ សុខា ក៏បាន​រំលឹក​គូសបញ្ជាក់​បន្ថែមទៀតថា​៖ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​មិនអាច​កើតមាន​បានឡើយ ប្រសិនជា​គ្មាន​ការ​វាយ​ផ្ដួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត ហើយ​កិច្ចព្រមព្រៀង​នេះ​ក៏​មិនអាច​សម្រេច​ជោគជ័យ​បានឡើយ ប្រសិនជា​គ្មាន​ការចូលរួម​គោរព​អនុវត្ត​ដោយស្មោះ​ស្ម័គ្រ​ពី​ភាគី​ប្រដាប់អាវុធ​កម្ពុជា​ទាំងឡាយ ពិសេស​ភាគី​ដ៏​សំខាន់​មួយ​ដែល​មិនអាច​ខ្វះ​បាន​គឺ​ភាគី​រដ្ឋ​កម្ពុជា​។​

​ជា​ចុងក្រោយ​នៃ​ជំនួប​នេះ​ទាំង​ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ឯកឧត្ដម Pablo Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី បាន​សំដែង​នូវ​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​ក្នុង​កម្មវិធី កំណែទម្រង់រដ្ឋបាល​សាធារណៈ​នឹង​បន្ត​រួមចំណែក​បន្ថែមទៀត​ដល់​ការលើកកម្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ប្រយោជន៍​ទាំងសងខាង​សម្រាប់​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា និង​អូស្ត្រាលី​៕​ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×