ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០២១ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួន បុរសម្នាក់ដែលជាថៅកែដេប៉ូដីខ្សាច់មួយកន្លែង ដាក់ក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការចេញ មូលប្បទានប័ត្រ អត់សាច់ប្រាក់ សែកស្អុយ ប្រមាណ ៤០ ម៉ឺនដុល្លារអាមេរិក។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរ បានឲ្យដឹងថា ជនត្រូវចោទរូបនេះ មានឈ្មោះ លាង សុង លី ភេទប្រុស មានមុខរបរជាពាណិជ្ជករ និងជាថៅកែដីខ្សាច់ មានទីលំនៅផ្ទះលេខ ២៧ ផ្លូវ លេខ ២០ អឺ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ឈ្មោះលាង សុងលើ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន តាមដីកាបញ្ជាឲ្យចូលខ្លួន របស់លោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លេខ ២៥៩ អយង ចុះ ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១ ដើម្បីធ្វើការសាកសួរលើបណ្ដឹងរបស់ឈ្មោះ តាំង ហ្គិចលៀង ដែលបានប្ដឹងគាត់ពីបទ « មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន » ជាប់ពាក់ព័ន្ធ នឹងការជំពាក់ប្រាក់ប្រមាណ ៤០ ម៉ឺនដុល្លារអាមេរិក និងបានចេញសែកក្នុងតម្លៃខាងលើឲ្យទៅភាគីម្ចាស់បំណុល ដើម្បីទូទាត់ប្រាក់ជំពាក់ ប៉ុន្តែសែកនោះ គឺគ្មានសាច់ប្រាក់នោះទេ។ ទើបភាគីដើមបណ្ដឹង ក្រោយមកប្ដឹងគាត់ទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ទាក់ទងនឹងការចោទប្រកាន់ខាងលើនេះ, ឈ្មោះលាង សុងលី មិនអាចទាក់ទង ដើម្បីសុំការបំភ្លឺបានឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា