ភ្នំពេញ ៖ អ្នកស្រីអម្ពរ ទេវី តារាភាពយន្តប្រកប ដោយទេពកោសល្យ និងជាមិត្តរូបនៃក្តីស្រឡាញ់ របស់ប្រជាជនកម្ពុជា បានសម្រេចចិត្តវិលមកថតកុនសម្តែងតប ការគាំទ្ររបស់មហាជន។ កាលពីប៉ុន្មានឆ្នាំមុនអ្នកស្រីបានមកថត រឿង «ទឹកចិត្តម្តាយសម័យថ្មី»។ គ្រានោះផ្ទុះការគាំទ្រភ្លូកទឹកភ្លូកដី។ ភ្លាមៗ ផលិតករមួយចំនួនទៀត បានកក់រូបអ្នកនាងថត សម្តែងដោយសារ កម្រមានឱកាសជួប។

តាមដំណឹង អ្នកស្រីអម្ពរ ទេវី បានជាប់គាំងថតរឿងភាគឲ្យ ផលិតកម្មធំមួយដាក់បញ្ចាំងនឹងទូរទស្សន៍ពេញនិយមមួយដែរ។ ប្រភពបានលើកឡើងថា រឿងចំណងជើងសុំលាក់សិន គ្រាន់តែដឹងថា មានតារាជើងចាស់ថតរួមគ្នាដែរ ដូចជា ៖ លោកទេព រិនដារ៉ូ និងប៉ែន សុផានី សុទ្ធតែតារាពេញនិយម និងប្រកបដោយប្រជាប្រិយភាព។ ព្រោះតែបញ្ហាកូវីដ បានរាំងស្ទះដំណើរថត ហើយមិនអាចជួបជុំគ្នា ច្រើនបាន។ ម្ល៉ោះហើយទើប តម្រូវឲ្យបែកគ្នាមួយគ្រា រង់ចាំសភាពការប្រសើរមកវិញ។ បើតាមការធ្លាប់ជួប អ្នកនាង សុផានីក៏ទទួលស្គាល់ថាថត ជាមួយអ្នកស្រី អម្ពរ ទេវីដែរ តែសុំមិននិយាយចំណងជើង។
អ្នកស្រីអម្ពរ ទេវី ជាតារាភាពយន្តដែលមានការពេញនិយមបំផុត ដែលប្រជាជនខ្មែរយើងចាត់ទុកថាជា តារាកំពូលពេញដោយទេពកោសល្យ។ ទាំងអ្នកស្រី និងលោកទេព រិនដារ៉ូ គឺបានចារកេរ្តិ៍ឈ្មោះក្នុង ដួងចិត្តប្រជាជនខ្មែរបានច្រើនជំនាន់មកហើយ។ បើរំលឹកលើដៃគូ សម្តែងដែលសមបំផុត ផ្នែកបុរសប៉ះជាមួយអ្នកស្រីមាន លោកដារ៉ូ ខៃ ប្រសិទ្ធ យស បូវណ្ណៈ និង លោកសម តារា។

ជាការពិតណាស់ ទោះចាកឆ្ងាយពីពិភពសិល្បៈក្នុងស្រុកអស់រយៈពេលជាច្រើនឆ្នាំហើយក្តី ប៉ុន្តែតារាភាពយន្តល្បីឈ្មោះទសវត្សន៍ ៨០-៩០ អ្នកនាង អម្ពរ ទេវី នៅតែជាតារាសម្តែងស្រីនៅក្នុងដួងចិត្តរបស់អ្នកគាំទ្រ ក៏ដូចជាសិល្បករ-ការិនី ជំនាន់ក្រោយដូចដើម។ ក្នុងនោះ អ្នកគាំទ្រនៅប្រទេសកម្ពុជា តែងតែតាមដានពីជីវិតឯកជន របស់តារាល្បីរូបនេះតាមរយៈគណនីហ្វេសប៊ុករផងដែរ។ តួយ៉ាងកន្លងមក អ្នកនាង អម្ពរ ទេវី តែងតែបង្ហាញពីជីវិតរស់នៅ ជាមួយនឹងស្វាមី និង កូនៗរបស់អ្នកនាងយ៉ាងមានសុភមង្គល និង ហ៊ឺហារ ធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន លួចសរសើរ និង ច្រណែនជីវិតរបស់អ្នកនាងទៀតផង៕ រក្សាសិទ្ធិដោយ ៖ សំណាង SV
















