Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងារអធិការកិច្ចក្រសួងការពារជាតិ ចុះស្រាវជ្រាវដោះស្រាយបណ្តឹងពលរដ្ឋ ប្តឹងក្រុមអាជីវករផ្គត់ផ្គង់ទឹកឯកជន ក្នុងភូមិកងមាស

ភ្នំពេញ ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅក្នុងភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ បានលើគ្នាប្ដឹងក្រុមអាជីវករឯកជនមួយក្រុម ដែលបានអះអាងថា ខ្លួនជាសហគមន៍ផ្គត់ផ្គង់ទឹក មានប្ដីជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានគាបសង្កត់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់កន្លងមកនោះ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញនេះ លោកឧត្តមសេនីយ៍ទោ ព្រុំ ជឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានអធិការកិច្ចក្រសួងការពារជាតិ បានដឹកនាំកម្លាំងក្រុមការងារ មកចុះមកពិនិត្យស្រាវជ្រាវ និងដោះស្រាយតាមអនុសាសន៍សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយបានស្នើសុំមកអាជ្ញាធរខេត្តកំពង់ឆ្នាំង ប្រគល់ស្ថានីយបូមទឹកភូមិកងមាស ជូនប្រជាពលរដ្ឋភូមិកងមាស ប្រើប្រាស់ជាលក្ខណៈសមូហភាពវិញ ។

ទាក់ទងនឹងករណីខាងលើនេះ តំណាងប្រជាកសិករ នៅក្នុងភូមិកងមាស បាននិយាយឲ្យដឹងថា កន្លងមកការផ្គត់ផ្គង់ទឹក ជូនកសិករក្នុងភូមិ លោកស្រី អ៊ូ ប៉ែន បានអះអាងថា ជាសហគមផ្គត់ផ្គង់ទឹក នឹងប្ដីឈ្មោះ ផង់ សុភឿន ( ពាក់ស័ក្តិ៥ ) ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានគាបសង្កត់មកលើប្រជាកសិករជាច្រើនរឿង ដូចជា ពេលមានទឹកក្នុងប្រឡាយមេ ហើយតែបង្ហូរទឹកបញ្ចូលក្នុងស្រែមិនបាន ប្រជាកសិករបានដាក់កូនម៉ាស៊ីនតូចខ្លួនឯង បូមទឹកបន្តដាក់ចូលស្រែត្រូវបានលោកស្រី អ៊ូ ប៉ែន ទារយកលុយក្រៅទៀត គឺក្នុងម៉ាស៊ីន ១គ្រឿងយក១៥ម៉ឺនរៀល បូកបន្ថែមលើថ្លៃផ្គត់ផ្គង់ទឹក ក្នុង១ហិកតា ៣០ ម៉ឺនរៀលបន្ថែមទៀត ។

ដោយឡែកពេលផ្គត់ផ្គង់ទឹក មិនគ្រប់គ្រាន់ស្រូវស្វិត មិនទទួលផលល្អគាត់ក៏ទារឱ្យបង់លុយថ្លៃគ្រប់ចំនួនដែរ ពេលប្រជាពលរដ្ឋជួបជុំគ្នាប្រុងធ្វើលិខិតសំណូមពរ ទៅថ្នាក់លើឱ្យជួយដោះស្រាយ គាត់និងប្ដីជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស អាងអំណាច អាងបក្ខពួក ប្តឹងប្រជាពលរដ្ឋទៅនគរបាលបិតសិទ្ធិប្រជាពលរដ្ឋ ព្រោះតែហេតុនេះ ហើយទើបពួកគាត់ជាកសិករ នាំគ្នាដាក់បណ្ដឹងទៅសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិឲ្យជួយដោះស្រាយប។

មេភូមិកងមាស លោក នុប ហូយ បានបញ្ជាក់ឱ្យដឹងថា លោកទើបតែឡើងធ្វើជាមេភូមិកងមាស នៅឆ្នាំ២០១៩ ជាង២ឆ្នាំនេះទេ ប៉ុន្តែលោកមិនបានដឹងថាក្នុងភូមិកងមាស ថ្នាក់ឃុំថ្នាក់ស្រុក បានបង្កើតសហគមន៍កសិករផ្គត់ផ្គង់ទឹក ភូមិកងមាសនេះ ពីពេលណាមកនោះទេ គឺអត់មានទេ ហើយកន្លងមកប្រជាកសិរករ ពិតជាជួបការលំបាកមែន ក្នុងរឿងផ្គត់ផ្គង់ទឹករបស់ក្រុមលោកស្រី អ៊ូ ប៉ែន ដែលមានប្ដីជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាខ្នងបង្អែក ធ្វើបាបប្រជាកសិករ ដោយជាក់ស្តែងកន្លងមកក្រុម លោក ស្រី អ៊ូ ប៉ែន ក៏បានលុបប្រឡាយមេ ១ខ្សែប្រវែង ៥០០ ម៉ែត្រក្នុងភូមិកងមាស ដែលអង្គការបាសាក់បានជួយធ្វើ ដោយគ្មានអាជ្ញាធរណា បានដឹងឮធ្វើការទប់ស្កាត់នោះឡើយ ។
ហើយការផ្គត់ផ្គង់ទឹកកន្លងមក ក៏ពុំបានបរិបូរណ៌ គ្រប់គ្រាន់ទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋឡើយ ទើបប្រជាពលរដ្ឋក្នុងភូមិជាច្រើននាក់ បានប្ដឹងទៅសម្ដេចពិជ័យសេនា ទៀ បាញ់ ឲ្យជួយដោះស្រាយ ។

ទាក់ទងនឹងការចោទប្រកាន់ខាងលើនេះ លោកស្រី អ៊ូ ប៉ែន បានបញ្ជាក់ថា ស្ថានីយ៍បូមទឹក និងប្រឡាយមេប្រវែង ៣៥០ម៉ែត្រ សម្រាប់ផ្គត់ផ្គង់ទឹកស្រែ ក្នុងភូមិកងមាសនេះកន្លងមក គឺអង្គការបាសាក់ជាអ្នកកសាង ប៉ុន្តែក្រោយពីអង្គការបាសាក់ឈប់ទៅ រូបគាត់បានទទួលសិទ្ធិជាប្រធានសហគមន៍កសិករប្រើប្រាស់ទឹក ភូមិកងមាស ពីលោកដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំង តាំងពីឆ្នាំ២០១១ រហូត ដល់បច្ចុប្បន្ននេះ ។ ក្រោយពីទទួលបានសិទ្ធិនេះ គាត់បានជីកស្ដារប្រឡាយមេបាន ២០០ ម៉ែត្របន្ថែម និងបានស្តារប្រឡាយរងជើងក្អែកបាន ៤ ខ្សែប្រវែង ៥០០ ម៉ែត្រទៀត ដើម្បីផ្គត់ផ្គង់ទឹកជូនកសិករក្នុងភូមិចំនួន ៦៩ គ្រួសារ ដែលមានផ្ទៃដី ស្រែជិត ១០០ ហិកតា ដោយបានយកកម្រៃផ្គត់ផ្គង់ទឹកស្រែក្នុង ១ ហិកតា ៣០ ម៉ឺនរៀល ក្នុងមួយរដូវ ។ ប៉ុន្តែកន្លងមកពេលប្រមូលផលស្រូវ ក៏មានកសិករមួយចំនួនមិនបានបង់ លុយផ្គត់ផ្គង់ទឹកជូនគាត់ផងដែរដែរ ។

ទាក់ទងនឹងការចុះពិនិត្យស្រាវជ្រាវជាក់ស្តែង លើករណីទំនាស់ខាងលើនេះ លោកឧត្តមសេនីយ៍ទោ ព្រុំជឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានអធិការកិច្ចក្រសួងការពារជាតិបានឲ្យដឹងថា ក្រោយពីក្រុមការងារអធិការកិច្ចក្រសួង បានចុះមកសិក្សាស្រាវជ្រាវ និងរាយការណ៍ជូនថ្នាក់លើរួចកន្លងមក លើបណ្ដឹងរបស់ប្រជាពលរដ្ឋភូមិកងមាសនេះ ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានដោះស្រាយរួចហើយ ដោយសម្ដេចបានស្នើសុំមកអាជ្ញាធរខេត្តរួចហើយ សុំប្រគល់ស្ដានីយបូមទឹកភូមិកងមាសនេះ ប្រគល់ជូនប្រជាពលរដ្ឋភូមិកងមាស កាន់កាប់ប្រើប្រាស់ គ្រប់គ្រងជាសមូហភាពវិញ។ ព្រោះថា លោកវីរសេនីយ៍ឯក ផង់ សុភឿន មន្តី្រកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រពន្ធឈ្មោះ អ៊ូប៉ែន មិនមែនជាប្រធានស ហគមន៍ផ្គត់ផ្គង់ទឹក ស្របច្បាប់នោះទេ ត្រូវតែដកខ្លួនចេញវិញ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×