Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានការិយាល័យគយ ច្រកបឹងត្រកួន បើកដៃឲ្យឈ្មួញ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធ មិនគ្រប់ និងទំនិញខុសច្បាប់ ពីថៃចូលមកកម្ពុជា

ភ្នំពេញ ៖ លោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយច្រកបឹងត្រកួន បានរងការចោទប្រកាន់ ពីមន្រ្តីពាក់ព័ន្ធនៅច្រកទ្វារតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យថា បានប្រើតួនាទីនិងអំណាចរបស់ខ្លួន ប្រមូលលុយពីក្រុមឈ្មួញ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីថៃចូលមកកម្ពុជា។

ប្រភពបានឲ្យដឹងថា ក្រុមឈ្មួញគ្រាក់ៗនៅតែអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកបឹងត្រកួន។ ការដែលឈ្មួញទាំងនោះអាចដឹកជញ្ជូនទំនិញ ទៅដល់គោលដៅ គឺមានការឃុបឃិតជាមួយក្រុមមន្រ្តីគយចល័តខេត្តបន្ទាយមានជ័យ និងគយចល័តតំបន់៥ ផ្លូវជាតិលេខ៥ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ផងដែរ។ ហើយតាមច្រករបៀង ក្បែរៗច្រកទ្វារតំបន់បឹងត្រកួន នៅតែមានឈ្មួញនាំចូលទំនិញខុសច្បាប់ និងទំនិញគេចពន្ធ ដោយមានការបើកភ្លើងខៀវពីលោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយច្រកបឹងត្រកួន និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន។

មន្រ្តីគយនៅខេត្តបន្ទាយមានជ័យ បានទម្លាយថា ដោយសារមានខ្សែធំ នៅពីក្រោយខ្នង ទើបលោក ញឹក ប៊ុនលេខ ហ៊ានបើកដៃឲ្យក្រុមឈ្មួញ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ តាមច្រកបឹងត្រកួនយ៉ាងគឃ្លើន និងរក្សាតំណែង ជាមេគយច្រកទ្វារតំបន់បឹងត្រកួន បានមកដល់ពេលនេះ។

មន្ត្រីពាក់ព័ន្ធនៅច្រកទ្វារតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានសំណូមពរឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ចុះធ្វើការស៊ើបអង្កេត ករណីលោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយច្រកបឹងត្រកួន ឃុបឃិតជាមួយក្រុមឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ពីថៃចូលមកកម្ពុជា។

ទាក់ទងករណីនេះ លោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយច្រកបឹងត្រកួន មិនអាចសុំការអត្ថាធិប្បាយបានទេ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×