ភ្នំពេញ ៖ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រតិកម្មជាមួយលោកច័ន្ទ វុឌ្ឍីណាវុធ ប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី រឿងមិនជួយសង្គ្រោះអាយុជីវិតប្រជាជន បែរជាថ្លៃសេវាមុនធ្វើការវះកាត់ទោះអ្នកជំងឺធ្ងន់ក៏ដោយ។ ដោយអភិបាលខេត្តបានសង្កត់ធ្ងន់ថា មិនមែនលើកទីមួយទេ គឺច្រើនលើកហើយ ដែលប្រជាពលរដ្ឋតែងតែរអ៊ូរទាំ លើការផ្តល់សេវារបស់មន្ទីរពេទ្យ ដែលលោកច័ន្ទ វុឌ្ឍីណាវុធ ជាប្រធាន។

លោកអ៊ុំ រាត្រី បានសរសេរក្នុងហ្វេសប៊ុកថា “ថ្ងៃនេះម៉ោង១០ និង០៥នាទី យប់ខ្ញុំបានបរិច្ចាកឈាមដើម្បីជួយសង្រ្គោះលោកអិន លីអាន មានឋានន្តរសក្ត័វរសេនីយទោ ជាក្រុមការងារអង្គរក្សសម្តេចតេជោ ដែលបានមកបំពេញបេសកកម្មនៅ ខេត្តបន្ទាយមានជ័យ ដែលត្រូវធ្វើការវះកាត់ នៅមន្ទីរពេទ្យខេត្តមង្គលបូរី ហើយដែលលោកប្រធានមន្ទីរពេទ្យប្រាប់ថា ជាគោលការណ៍ត្រូវរកអ្នកឲ្យឈាមជំនួស និងបង់ថ្លៃសេវាមុន ធ្វើការវះកាត់ទោះអ្នកជំងឺធ្ងន់ក៏ដោយ ។ តើការគ្រប់គ្រងរបៀបនេះ គួរត្រូវសម្រេចយ៉ាងម៉េច ចំពោះអ្នកគ្រប់គ្រងដែលមិនគិតពីក្រមសីលធម៌ និងមិនចេះចាត់ចែងការងារ ហើយមិនមែនលើកទីមួយទេ គឺច្រើនលើកហើយដែលប្រជាពលរដ្ឋ តែងតែរអ៊ូរទាំលើការផ្តល់សេវារបស់មន្ទីរពេទ្យ ដែលលោកច័ន្ទ វុឌ្ឍីណាវុធជាប្រធាន”។
ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ បានសាទរនិងគាំទ្រចំពោះ ការប្រតិកម្មរបស់លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ទៅលើលោកច័ន្ទ វុឌ្ឍីណាវុធ ប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី ដែលគិតតែពីលុយ គ្មានសីលធម៌ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ


