ភ្នំពេញ ៖ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានបង្ហាញទស្សនទានថា កម្ពុជាជាប្រទេសដែលចាក់វ៉ាក់សាំង ជូនប្រជាជនច្រើនជាងគេ ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន ហើយឆ្លៀតក្នុងឱកាសនេះ កម្ពុជាគួរតែបង្ហាញដល់ពិភពលោក អំពីការបើកទ្វារប្រទេសទទួលភ្ញៀវទេសចរ ដើម្បីឱ្យអ្នកនាញលើវិស័យទេសចរណ៍បានត្រៀម ទាំងទុនវិយោគ និងលក្ខណសម្បត្តិ។

លោកស្រី ឆាយ ស៉ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានលើកឡើងថា ប្រសិនបើកម្ពុជាបន្ដរង់ចាំឱ្យវត្តមានកូវីដ-១៩នេះ ចាកផុតពីផែនដីនោះ យើងនឹងស្លាប់មុនជំងឺនេះទៅទៀត ដោយសារតែជួបនូវវិបត្តិសេដ្ឋកិច្ច ព្រោះអាជីវកម្មទេសចរណ៍ ត្រូវបានដេកដួលជិត២ឆ្នាំមកហើយ, ដូច្នេះ ប្រសិនបើ កម្ពុជាប្រកាសបើកទ្វារទេសចរណ៍ចាប់ពីពេលនេះទៅ ក្នុងពេលដែលចាក់វ៉ាក់សាំងបានច្រើនហើយនោះ សង្ឃឹមថា អ្នកទេសចរលើពិភពលោក បានដាក់បញ្ជូលកម្ពុជាជាគោលដៅទេសចរណ៍។
លោកស្រីបន្តថា ប្រសិនបើកម្ពុជាអាចប្រកាសបើកទ្វារទេសចរណ៍នៅពេលនេះ គឺអាចជាឱកាសត្រៀមខ្លួន ប្រមែប្រមូល អ្នកជំនាញទេសចរណ៍ត្រឡប់មកវិញ និងទាន់ពេលវេលា, ប៉ុន្តែ ប្រសិនបើបន្ដយូរជាងនេះ ពួកគាត់នឹងអត់មានដើមទុន ក្នុងការបើកត្រឡប់មកវិញ និងអាចបាត់បង់ធនធានមនុស្សទៀតផង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN




