Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការដ្ឋាននគរបាលខេត្តកំពត លើកឡើងករណីបែកធ្លាយបុរសជើងខ្លាំងជាកូនចៅប៉ូលីស ស័ក្ត៤ នៅខេត្តកំពត ហ៊ានយកកាំបិតរកកាប់ប្រជាពលរដ្ឋរងគ្រោះ

ខេត្តកំពត ៖ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តបានទទួលពាក្យបណ្តឹងពីឈ្មោះ ស៊ាន់ ស្រីស្រស់ ភេទស្រី អាយុ ២៩ ឆ្នាំ រស់នៅភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត បានប្តឹងចោទលើមនុស្សចំនួន ០៣នាក់ ប្រព្រឹត្តអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស វាយដំទៅលើជនពិការជើងម្ខាងម្នាក់ឈ្មោះ ព្រំ ឈាន នៅចំណុចវាលស្មៅ ស្ថិតនៅភូមិព្រៃពាយឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត មូលហេតុផ្តើមចេញពីទំនាស់ដីធ្លី កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ១៨និង៣០នាទី ដែលមានមនុស្សមួយក្រុមមកកាប់បំផ្លាញរោងចាំចម្ការរបស់ឈ្មោះ ព្រំ ឈាន ខណៈនោះ ឈ្មោះ ព្រំ ឈាន បានហាមឃាត់សកម្មភាពនោះ ដោយក្នុងដៃមានកាន់កាំបិត ។ អំពើហិង្សានេះ បណ្តាល ឲ្យឈ្មោះ ព្រំ ឈាន (ជនពិការ) របួសធ្ងន់ ។

ចំពោះករណីនេះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានចុះស៊ើបអង្កេត និងកសាងសំណុំរឿងចោទប្រកាន់ជនសង្ស័យចំនួន ០៣នាក់ និងបានបញ្ជូនទៅសាលាដំបូងខេត្តកំពត កាលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២១ ។ តុលាការខេត្តកំពត បានដោះស្រាយបញ្ចប់រឿង ដោយឈ្មោះ ព្រំ ឈាន ទទួលបានថ្លៃព្យាបាលរបួសចំនួន ៤.០០០.០០០ រៀល (បួនលានរៀល) ។

នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២១ ស្នងការដ្ឋាននគរបាលខេត្តកំពត បានទទួលពាក្យបណ្តឹងពីឈ្មោះ កែវ វ៉ារី ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិវត្តអង្គ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ដែលបានប្តឹងចោទលើមនុស្សចំនួន ០២នាក់ ពីបទបរិហាកេរ្តិ៍ ។

កម្លាំងជំនាញបានចេញលិខិតកោះហៅបុគ្គលទាំងពីរនោះមកសាកសួរ ដើម្បីបំភ្លឺលើបណ្តឹងរបស់លោក កែវ វ៉ារី នៅលើកទី ១ បុគ្គលទាំង ០២នាក់នោះមិនបានចូលខ្លួនបំភ្លឺឡើយដោយមានមេធាវីសុំពន្យារពេល បន្ទាប់មកកម្លាំងជំនាញបានចេញលិខិតលើកទី២ ទើបមេធាវីចូលមកដោះស្រាយ បច្ចុប្បន្នករណីនេះកម្លាំងជំនាញបាននឹងកំពុងបន្តចាត់ការតាមនីតិវិធី ។

នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្ត បានទទួលពាក្យបណ្តឹងពីឈ្មោះ ព្រំ ឈាន ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ដែលប្តឹងលើមនុស្សចំនួន ០៩នាក់ និងបក្ខពួកចំនួន ១៦នាក់ទៀត មិនស្គាល់ឈ្មោះ «ពីបទគំរាមថានឹងសម្លាប់» ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងនេះ ស្នងការដ្ឋាននគរបាលខេត្តកំពត បានកោះហៅ បុគ្គលពាក់ព័ន្ធមកបំភ្លឺ តែមេធាវីការពារក្តីបានសុំពន្យារពេលក្នុងការដោះស្រាយ បច្ចុប្បន្នករណីនេះកម្លាំង ជំនាញបាននឹងកំពុងបន្តចាត់ការតាមនីតិវិធី ។

ចំពោះករណីលោកវរសេនីយ៍ត្រី កែវ វ៉ារី ស្នងការដ្ឋាននគរបាលខេត្តកំពត នឹងធ្វើការស៊ើបអង្កេតលើករណីពាក់ព័ន្ធអំពើហិង្សាខាងលើ ក្នុងករណីរកឃើញមានកំហុសដូចការចុះផ្សាយរបស់សារព័ត៌មាន និងមានភស្តុតាងគ្រប់គ្រាន់ សមត្ថកិច្ចនឹងកសាងសំណុំរឿងចាត់ការតាមនីតិវិធីដោយមិនមានការលើកលែង ឬយោគយល់ឡើយ ទោះបីជាលោក កែវ វ៉ារី ជាមន្ត្រីក្របខ័ណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពតក៏ដោយ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×