ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តកុងតឺន័រមួយគ្រឿង មិនប្រយ័ត្នបានជ្រុលទៅបុ.កចំពាក់កណ្តាលរថយន្តសាំយ៉ុង ដឹកនាក់ដំណើរបត់ត្រឡប់ក្រោយ បណ្តាលឲ្យរថយន្តកុងតឺន័រ បួងចង្កូតជ្រុលទៅបុ.កទ្រូងផ្លូវបាក់មួយកង់ និងបង្គោលភ្លើងបាក់មួយដើម ទ្រេតបាក់ជិតដល់ដី។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃអាទិត្យទី៥ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញរថយន្តសាំយ៉ុងមួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2AG-7087 បើកបរដោយបុរសម្នាក់រួមដំណើរ ជាមួយជាច្រើននាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ បានបើកវ៉ាជែងខាងស្តាំរួចបត់ឆ្វេង ត្រឡប់ក្រោយក៏ត្រូវរថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌សលាយពណ៌កាប់ស្តាំង បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិស ពីលិចមកកើតជាន់ហ្រ្វាំងមិនជាប់ ជ្រុលទៅបុ.ករថយន្តសាំយ៉ុង ចំពាក់កណ្តាលទ្វារខាងឆ្វេងពេញទំហឹង រងការខូចខាតរួចបានបួងចង្កូត ជ្រុលទៅបុ.កទ្រូងផ្លូវបាក់មួយកង់ និងបង្គោលភ្លើងបំភ្លឺផ្លូវ បាក់មួយដើមទ្រេតជិតដល់ដី។ សំណាងល្អ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍មួយនេះ មិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌឫស្សីកែវ ចុះមកដល់រួចពិនិត្យ នឹងទំនាក់ទំនងទៅខាងផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុ យករថយន្ដទាំងពីរគ្រឿង ទៅរក្សាទុកនៅខាង ការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត




