Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខណ្ឌមានជ័យ ចុះធ្វើការអប់រំ និងធ្វើកិច្ចសន្យា ទៅដល់ម្ចាស់ដេប៉ូខ្សាច់ ៦ទីតាំង នៅក្នុងខណ្ឌមានជ័យ

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ ចុះធ្វើការអប់រំ និង ធ្វើកិច្ចសន្យាទៅដល់ម្ចាស់ដេប៉ូខ្សាច់ នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ដើម្បីអនុវត្តន៍ឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដោយសារតែកាលពីកន្លងទៅពិនិត្យឃើញថា ដេប៉ូខ្សាច់ ៦ទីតាំង មិនអនុវត្តតាមការណែនាំ របស់អាជ្ញាធរខណ្ឌនោះទេ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ និង លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ តំណាងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ និងធ្វើកិច្ចសន្យា នៅដល់ម្ចាស់ដេប៉ូស្តុក និង លក់ខ្សាច់ ៦ទីតាំងធំៗ នៅក្នុងភូមិសាស្រ្តខណ្ឌមានជ័យ ។

ការចុះត្រួតពិនិត្យ និងធ្វើកិច្ចសន្យា នៅដល់ម្ចាស់ដេប៉ូស្តុក និង លក់ខ្សាច់ ៦ទីតាំងធំៗ នេះធ្វើឡើងដោយមានការចូលរួមពីលោក ឡាយ ជ ប្រធានការិយាល័យសាធារណការ និងដឹកជញ្ជូនខណ្ឌមានជ័យ លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។

ក្នុងការចុះត្រួតពិនិត្យ និងធ្វើកិច្ចសន្យានេះដែរ លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ បានណែនាំដេប៉ូខ្សាច់ទាំង ៦ទីតាំង ក្នុងមូលដ្ឋានខណ្ឌមានជ័យ ឲ្យអនុវត្ត ៥ចំណុច រួមមាន ៖ ១. មិនត្រូវដឹកជញ្ជូនខ្សាច់ក្នុងចន្លោះម៉ោង ៦និង០០ នាទីព្រឹក រហូតដល់ ម៉ោង ១៩និង០០ នាទីយប់ ។ ២. ត្រូវទទួលខុសត្រូវក្នុងការបោសសម្អាតផ្លូវ លាងសម្អាតផ្លូវឲ្យបានស្អាតជារៀងរាល់ថ្ងៃ ជាពិសេសចាប់ពីម៉ោង ៧និង០០ នាទីព្រឹកទៅត្រូវធានាឲ្យបានស្អាត ។ ៣. ត្រូវទទួលខុសត្រូវស្តារលូ តាមតម្រាយផ្លូវដែលរថយន្តដឹកជញ្ជូនខ្សាច់ របស់ខ្លួន រត់ឆ្លងកាត់ឲ្យបានជាប្រចាំ ដោយធានាមិនឲ្យមានការកកស្ទះអាចម៌ដី នៅក្នុងប្រពន្ធលូឡើយ ។ ៤. ត្រូវទទួលខុសត្រូវជួសជុលជាបន្ទាន់ ពីការដឹកជញ្ជូនដែលបណ្តាលឲ្យខូចខាតផ្លូវ និងប្រព័ន្ធលូ។ ៥. ត្រូវអនុវត្តឲ្យបានត្រឹមត្រូវ តាមលក្ខខណ្ឌនានា ដែលកំណត់ក្នុងលិខិតអនុញ្ញាត ដឹកជញ្ជូនរបស់រដ្ឋបាលរាជធានីភ្នំពេញ សមត្ថកិច្ច ក្រសួង និងស្ថាប័នពាក់ព័ន្ធ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ