ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំគោលនយោបាយស្វាយចន្ទី ក្នុងគោលដៅប្រែក្លាយកម្ពុជាទៅជាប្រទេសផលិត និងផ្គត់ផ្គង់ស្វាយចន្ទី កំរិតតំបន់នាពេលអនាគត។
ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារចម្រុះ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងដែលមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សា ឯកឧត្តមអគ្គនាយកជំរុញពាណិជ្ជកម្ម លោក-លោកស្រីជាថ្នាក់ដឹកនាំនិងមន្ត្រីនៃក្រសួងពាណិជ្ជកម្ម តំណាងក្រសួង-ស្ថាប័នជាតិ គ្រឹះស្ថានឯកជន និងបណ្តាដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ សរុប ៤០រូប។
ក្នុងកិច្ចប្រជុំក្រុមការងារចម្រុះ ដើម្បីរៀបចំគោលនយោបាយស្វាយចន្ទីកម្ពុជា លើកទី១នេះ ឯកឧត្តម រាជ រ៉ា បានលើកឡើងកាលពីសប្តាហ៍មុនថា គោលបំណងនៃកិច្ចប្រជុំ គឺដើមី្បដាក់ជូនក្រុមការងារចម្រុះ និងតួអង្គពាក់ព័ន្ធ ពិនិត្យនិងផ្តល់ធាតុចូលបំពេញបន្ថែមលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពី ស្វាយចន្ទី ២០២២-២០២៧។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំជាផ្លូវការកាលពីដើមឆ្នាំ២០១៩ ដោយក្រុមការងារបច្ចេកទេស សហការជាមួយដៃគូអភិវឌ្ឍន៍ និងជំនាញការអន្តរជាតិ បានសិក្សាប្រមូលទិន្នន័យក្នុងប្រទេស និងទីផ្សារសំខាន់ៗក្រៅប្រទេស រៀបចំជារបាយការណ៍ និងកែសម្រួលស្របតាមទម្រង់ ដែលកំណត់ដោយទីស្តីការគណៈរដ្ឋមន្ត្រី និងបានបញ្ចប់ក្នុងកម្រិតបច្ចេកទេសកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១កន្លងទៅ។
លោក ទិត សីច័ន្ទលី ប្រធានស្តីទីនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម បន្តពិនិត្យ ពិភាក្សា និងផ្លាស់ប្តូរយោបល់ លើខ្លឹមសារសេចក្តីព្រាងគោលនយោបាយជាតិខាងលើ តាមលំដាប់លំដោយនៃមាតិកា និងបានអនុញ្ញាតឱ្យវិស័យឯកជនលើកឡើងនូវបញ្ហាប្រឈម ដែលបានជួបប្រទះកន្លងមក។ បន្ថែមពីនេះ អង្គប្រជុំបានស្នើសុំធ្វើបច្ចុប្បន្នភាពលើទិន្នន័យមួយចំនួន និងកែសម្រួលចំណុចមួយចំនួន ដើមី្បឱ្យឯកសារនេះមានលក្ខណៈត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។
គោលនយោបាយជាតិនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់វិស័យស្វាយចន្ទីរបស់កម្ពុជា នាពេលខាងមុខ ដូចជា ប្រែក្លាយកម្ពុជាទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយ នៅក្នុងតំបន់សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។ ធ្វើឱ្យផលិតកម្ម និងផលិតភាព មានសមត្ថភាពប្រកួតប្រជែង ទាំងទិន្នផល និងគុណភាព។ កម្ពុជា នឹងទទួលបាននូវតម្លៃបន្ថែមពេញលេញពីស្វាយចន្ទី ចំពោះអ្នកដាំដុះ និងអ្នកកែច្នៃ លើការអនុវត្តខ្សែច្រវ៉ាកតម្លៃ និងខ្សែច្រវ៉ាក់ផលិតកម្មស្វាយចន្ទី។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកបង្ហាញថា ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជា នារយៈពេល៥ខែដើមឆ្នាំ២០២១ មានជាង៨០ម៉ឺនតោន។ បរិមាណនៃការនាំចេញនេះ មានកំណើនរហូតដល់៣២១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២០។ ប្រទេសវៀតណាមជាទីផ្សារនាំចេញគ្រាប់ស្វាយចន្ទីដ៏ធំលំដាប់ទីមួយ របស់កម្ពុជា៕