ភ្នំពេញ ៖ ក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយលោកតា លោកតាយាយចាស់ជរា គ្មានទីពឹង និងមានជីវភាពខ្វះខាតនៅទូទាំងខេត្តប៉ៃលិន ចំនួន ៦៨នាក់, លោកជំទាវ បាន ស្រីមុំ បានលើកឡើងថា មនុស្សចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំ ប្រៀនប្រដៅដល់កូនចៅជំនាន់ក្រោយៗ ឱ្យប្រព្រឹត្តិតែអំពើល្អ។

លោកជំទាវ បាន ស្រីមុំ ប្រធានមូលនីធិចាស់ជរា និងជាអភិបាលខេត្តប៉ៃលិន ក្នុងពិធីជួបជុំមនុស្សចាស់ នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ បានថ្លែងឲ្យដឹងថា រូបលោកស្រីផ្ទាល់ រួមនឹងមន្ត្រីជាច្រើនទៀត បានបង្កើតមូលនិធិនេះឡើង ក្នុងគោលបំណង ជួយដល់លោកយាយ លោកតាចាស់ជរា អាយុចាប់ពី៧០ឆ្នាំឡើង គ្មានទីពឹង ឬពុំមានលទ្ធភាពអាចចេញទៅប្រកបមុខរបរចិញ្ជឹមជីវិតបាន។ ការងារមនុស្សធម៌មួយនេះ ក៏ដូចជាការដឹងគុណផងដែរ ទៅលើមនុស្សចាស់ ព្រោះពួកគាត់ មិនត្រឹមតែប្រៀនប្រដៅអប់រំប៉ុណ្ណោះទេ ថែមទាំងបានអភិវឌ្ឍដល់សង្គមជាតិ និងបានបន្សល់ទុកនូវសមិទ្ធផលជាច្រើន ដូចជា ហេដ្ឋារចនាសម្ព័ន្ធសៀមផ្សេងៗ។
មូលនិធិ បានផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ជូនដល់លោកយាយ លោកតា ចាស់ជរា ចំនួន ៦៨នាក់ ដោយ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ១០ម៉ឺនរៀល, ហើយដើម្បីសម្រួលដល់ការធ្វើដំណើររបស់លោកយាយ លោកតា ក្រុមការងារមូលនិធិ ត្រូវបានបែងចែកជា ៣ក្រុម គឺក្រុមទី១ បើកផ្តល់ជូនលោកយាយលោកតា នៅការិយាល័យតំណាងរាស្ត្រមណ្ឌលប៉ៃលិន, ក្រុមទី២ បើកនៅសាលាឃុំអូរអណ្តូង និងក្រុមទី៣ បើកនៅសាលាឃុំស្ទឹងត្រង់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN











