ភ្នំពេញ ៖ បើសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលមជ្ឈមណ្ឌលព័ត៌មាន CEN ទទួលបាននៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្រុមគ្រូពេទ្យជំនាញ បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី Delta សរុប ២,៦៤៧នាក់ហើយ ក្នុងនោះ រាជធានីភ្នំពេញមានអ្នកឆ្លងច្រើនជាងគេ។

មេរោគបំប្លែងថ្មី Delta នេះ រកឃើញលើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ, ពលករខ្មែរត្រលប់ពីប្រទេសថៃ ពីប្រទេសវៀតណាម , ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ , ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែ ភាសា ជនជាតិបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និងសិស្សសាលា។
សម្រាប់រាជធានីភ្នំពេញ មានចំនួនអ្នកឆ្លងមេរោគបំប្លែងថ្មី Delta ច្រើនជាងគេ រហូតដល់ ៤២៣នាក់, ក្រសួងសុខាភិបាល បានក្រើនរំលឹកថា មេរោគ Delta បាននិងកំពុងបន្តរាតត្បាតវាយលុកចូលក្នុងសហគមន៍របស់យើង ជាពិសេស រាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ កណ្តាល បន្ទាយមានជ័យ និងបណ្តាខេត្តមួយចំនួនទៀត, ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ និងត្រូវរៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទប្រយុទ្ធនឹង ជំងឺកូវីដ-១៩៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN








