ភ្នំពេញ ៖ លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃ ទី០៥ ខែកញ្ញា ឆ្នាំ២០២១ ថាអាជ្ញាធរខណ្ឌនីមួយៗ បានស្នើសុំរដ្ឋបាលរាជធានីភ្នំពេញ សុំពេល១សប្តាហ៍សម្រាប់ចុះសិក្សា វាយតម្លៃជាក់ស្តែងនៅតាមមូលដ្ឋានរបស់ខ្លួននីមួយៗ ថាតើទីតាំងណាខ្លះអាចបើកសាលាបាន និងទីតាំងណាខ្លះដែលមិនមិនទាន់បើកសាលាបាន ?

ទឹកដីក្នុងរាជធានីភ្នំពេញ មានការគ្រប់គ្រងមូលដ្ឋានតូចៗ រហូតដល់ ១០៥សង្កាត់ ហើយសុទ្ធតែមានការឆ្លងជំងឺកូវីដ-១៩ ទាំងអស់ គ្រាន់តែថា កន្លែងខ្លះត្រូវបានព្យាបាលឱ្យជាសះស្បើយអស់ហើយ ប៉ុន្តែកន្លែងខ្លះទៀត នៅមានការឆ្លងនៅឡើយ។
ក្នុងដំណើរឈានទៅបើកសាលារៀនឡើងវិញនេះ គឺថា បន្ទាប់ពីអាជ្ញាធរខណ្ឌនីមួយៗ រាយការណ៍ទៅរដ្ឋបាលរាជធានីភ្នំពេញហើយនោះ រដ្ឋបាលរាជ ធានីភ្នំពេញ នឹងផ្ញើរបាយការណ៍បន្តទៅក្រសួងអប់រំ ដើម្បីឱ្យក្រសួងអប់រំ ធ្វើរបាយការណ៍បន្តជូនទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីសម្រេច។

ប្រធានមន្ទីរអប់រំរាជធានីភ្នំពេញ លោក ហែម ស៊ីណារ៉េត បានឲ្យដឹងទៀតថា ចំណែកមន្ទីរអប់រំ នាយកសាលា និងលោកគ្រូ-អ្នកគ្រូ បានត្រៀមខ្លួនរួចរាល់ហើយក្នុងការបើកដំណើរការសាលារៀនឡើងវិញនាពេលឆាប់ៗនេះ, ដូច្នេះ ឱ្យតែក្រសួងអនុញ្ញាតបើកដំណើរការពេលណា គឺយើងអាចបង្រៀនសិស្សបានភ្លាមៗតែម្តង ព្រោះយើងមានបទពិសោធន៍ច្រើនហើយ ដោយកាលពីមុនត្រូវឱ្យសិស្សរៀនក្នុង១ថ្នាក់ ៣០នាក់ ទៅ ៤០នាក់ ទៅតាមកម្រិត, តែថ្មីៗនេះក្រសួងបានតម្រូវឱ្យដាក់សិស្សក្នុង១ថ្នាក់មិនលើសពី១៥នាក់ទេ។ អីចឹងយើងត្រូវចែកសិស្ស ៣០នាក់ ជាពីរ ដោយរៀនឆ្លាស់គ្នាមួយក្រុមរៀននៅផ្ទះ និងមួយក្រុមទៀតរៀននៅសាលា , តែត្រូវកាត់បន្ថយការសិក្សា ឬមេរៀន ទៅតាមចំនួនសិស្សតិចឬច្រើន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN











