ភ្នំពេញ ៖ មួយរយៈនេះគេសង្កេតឃើញថា តារាសម្តែងដែលចូលចិត្តបង្ហាញភាពសុិចសុីនាង ហាក់នៅមិនទាន់បង្ហាញខ្លួនសម្តែងរឿងថ្មីបន្ថែមទៀត ក្នុងពេលកន្លងមកតារារូបតែងតែទទួលការសម្តែងស្ទើរមិបដាច់សូរ។
ត្បិតមិនទាន់បង្ហាញ និងទទួលការសម្តែងជាថ្មីឡើងវិញក៏ដោយ ប៉ុន្តែ វ៉ាន់ វល័ក្ខ នឹងបញ្ចេញមុខសម្តែងរឿងភាគថ្មីមួយ ដែលបានថតចប់ និងគ្រោងចាក់បញ្ចាំងនាពេលខ្លីខាងមុខ។

វ៉ាន់ វល័ក្ខ បានលើកហេតុផលមួយដែលធ្វើឲ្យនាងនៅមិនទាន់ទទួលយកការសម្តែងជាថ្មី នោះគឺដោយសារនាង នៅមានការព្រួយបារម្ភ ពីការឆ្លងជំងឺកូវីដ១៩។
វ៉ាន់ វល័ក្ខ បានអះអាងប្រាប់បណ្តាញសារព័ត៌មាន នៅក្នុងស្រុកមួយថា បច្ចុប្បន្នការងារសម្តែងនាងបានផ្អាកមួយរយៈសិន ដោយត្រូវចាំមើលជំងឺកូវីដ នៅក្នុងប្រទេសរាងស្រាកស្រាន្តជាងនេះ។
វ៉ាន់ វល័ក្ខ ថា នាងនឹងវិលរកការសម្តែងជាថ្មី ក្រោយជំងឺកូវីដបានស្រាកស្រាន្ត ហើយផលិតកម្មដែលនាងធ្លាប់សម្តែង បានចេញដំណើរការថតឡើងវិញ។

យ៉ាងណា តារារូបនេះនៅមិនទាន់បានកំណត់ ពេលវលាជាក់លាក់ណាមួយថា រូបនាងនឹងវិលមកការសម្តែងជាថ្មីនោះឡើយ។
វ៉ាន់ វល័ក្ខ ក៏បានធ្វើការបដិសេធ នូវពាក្យចចាមអារាមដែលបានលើកឡើងថា នាងបានត្រូវគូូស្នេហ៍ហាមឃាត់ មិនឲ្យចូលប្រឡូកក្នុងសិល្បៈបន្តទៀតទេ។
ចំណុចនេះនាងបញ្ជាក់ថា សិល្បៈជាការចូលចិត្តរបស់នាង ហើយរហូតមកទល់ពេលនេះ មិនមានអ្នកហាមឃាត់រូបនាង មិនឲ្យប្រឡូកសិល្បៈបន្តនោះឡើយ។
យ៉ាងណា បើទោះបីជា វ៉ាន់ វល័ក្ខ មិនបានទាន់ទទួលយកការសម្តែងនាពេលនេះក៏ដោយ ប៉ុន្តែតារាស្រីរូបនេះនៅតែបង្ហាញនូវភាពហុឺហាររបស់ខ្លួន តាមរយៈការប្រើប្រាស់រថយន្តថ្លៃនិងទំនើប ជាមួយនឹងការរស់នៅក្នុងខុនដូ យ៉ាងត្រជាក់ល្ហឹម ហើយមិនយូរនាងក៏នឹងត្រៀមឡើងនៅវីឡាដ៍ប្រណិតមួយទៀតផងដែរ៕
រក្សាសិទ្ធិដោយ៖សំណាង SV









