ភ្នំពេញ ៖ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងសប្ដាហ៍ទី១ នៃខែកញ្ញា ឆ្នាំ២០២១ (ថ្ងៃទី៤-៥) នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរប្រមាណជាង ៥១,០៤២ នាក់ ក្នុងនោះមានភ្ញៀវជាតិ ៥០,១៣៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៩០៨ នាក់។

ក្នុងនោះគោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តកំពត៖ ២៣,៧៨៧ នាក់។ ខេត្តកែប៖ ៤,៩៥៥ នាក់។ រាជធានីភ្នំពេញ៖ ៤,១៩០ នាក់។ ខេត្តសៀមរាប៖ ៤,០៤៣ នាក់។ ខេត្តតាកែវ៖ ៣,៧០២ នាក់។
ឯកឧត្តមបានបន្តថា សកម្មភាពទេសចរណ៍ផ្ទៃក្នុង ចាប់ផ្តើមមានសកម្មភាពជាបណ្តើរៗឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបិទបញ្ចប់យុទ្ធនាការ ពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ កាលពីទី១៩ ខែសីហា ឆ្នាំ២០២១នេះ ។

កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងទេសចរណ៍ បានដាក់ឲ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (ហៅកាត់ថា SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មទេសចរណ៍ធំៗចំនួន ៤ ដែលរួមមាន អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដើម្បីរក្សាបាននូវស្ថិរភាពអាជីវកម្ម និងធានាបាននូវសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ



