ភ្នំពេញ ៖ កម្ពុជា នឹងទទួលរងនូវឥទ្ធិពលសម្ពាធទាបឥណ្ឌាខ្លាំង នៅសប្តាហ៍ខាងមុខ ដែលអាចធ្វេីឱ្យផ្ទៃមេឃអាប់អួរ ភ្លៀង ផ្គររន្ទះ ។ ក្រសួងធនធានទឹក ក្រើនរំលឹកថា រាជធានី-ខេត្តចំនួន១១របស់កម្ពុជា ប្រឈមនឹងជំនន់ទឹកភ្លៀង សូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ។
ក្រសួងធនធានទឹកអំពាវនាវឱ្យពលរដ្ឋ បន្តបង្កេីនការប្រុងប្រយ័ត្ន ចំពោះស្ថានភាពអាកាសធាតុ ដែលអាចប្រែប្រួលគ្រប់ពេលវេលា ។
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងប្រចាំសប្តាហ៍ ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី០៨-១៤ ខែកញ្ញា ឆ្នាំ២០២១។
ក្នុងរយៈពេលនៃការព្យាការណ៍អាកាសធាតុនេះ រាជធានីខេត្តចំនួន១១របស់កម្ពុជា ប្រឈមនឹងជំនន់ទឹកភ្លៀង រួមមានខេត្តបាត់ដំបង , ខេត្តពោធិ៍សាត់ , ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង , ខេត្តកំពង់ស្ពឺ , ខេត្តកណ្តាល ,ខេត្តស្វាយរៀង, រាជធានីភ្នំពេញ, ខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកំពត។
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក នៅថ្ងៃទី៧ ខែសីហានេះបានបញ្ជាក់ថា នៅក្នុងសប្ដាហ៏ខាងមុខ កម្ពុជានឹងទទួលនូវឥទ្ធិពល៖
ជ្រលងសម្ពាធទាបឥណ្ឌាខ្លាំង ៖ ប្រព័ន្ធសម្ពាធទាប ( ITCZ ) ដែលអូសបន្លាយពីប្រទេសភូមា កាត់ប្រទេសថៃ , ឡាវ , នឹងវៀតណាម រួចនឹងចុះបន្តិចមកលើកម្ពុជាយើង។ ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យមទៅបង្គួរ។ ខ្យល់សមុទ្រ ( Sea Breeze )។ វិសម្ពាធពីរ ដែលមួយស្ថិតនៅខាងកើតក្បែរ ប្រទេសហ្វីលីពីន ដែលបច្ចុប្បន្នបានបំប្លែងខ្លួន ទៅជាព្យុះទី១៣ ឈ្មោះ កុន សុន (STS CONSON ) ដែលនឹងមានដំណើរឆ្ពោះទៅប្រទេសវៀតណាមខាងជើង និងវិសម្ពាធសកម្មមួយទៀត ដែលស្ថិតនៅក្នុងសមុទ្រភាគខាងកើតហ្វីលីពីន ធ្វើដំណើរទៅលើមិនមានឥទ្ធិពលមកលើកម្ពុជាយើងទេ ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖ – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C – ផ្ទៃមេឃអួរអាប់នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ទន្ទឹមនោះ បណ្តាខេត្តមួយចំនួនមានជាអាទិ៍៖ ខេត្តបាត់ដំបង , ខេត្តពោធិ៍សាត់ , ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង , ខេត្តកំពង់ស្ពឺ, ខេត្តកណ្តាល ,ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ។
២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C – សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C – ផ្ទៃមេឃអួរអាប់ នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
៣៖ តំបន់មាត់សមុទ្រ ៖ -សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C – ផ្ទៃមេឃអួរអាប់មានពពក អ័ព្ទច្រើន នឹងអាចមានភ្លៀងក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំទៅដោយផ្គរ រន្ទះខ្យល់កន្ត្រាក់ និងរលកខ្ពស់ៗ ។ ទន្ទឹមនោះនៅក្នុងភូមិសាស្ត្រនៃខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកំពត ក៏អាចមាននូវជំនន់ទឹកភ្លៀងផងដែរ ។
ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវសូមប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ