ភ្នំពេញ ៖ តុលាការឧទ្ធរណ៍ភ្នំពេញ កាលពីព្រឹកថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២១ បានបើកសវនាការជំនុំជំម្រះ លើបណ្ដឹងឧទ្ធរណ៍ របស់ជនជាប់ចោទ ០២ នាក់ ដែលតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារកំណត់ ម្នាក់ៗ ០២ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកប្រាក់ជិត ៣ម៉ឺនដុល្លារអាមេរិក ប្រព្រឹត្តចន្លោះ ឆ្នាំ២០១៩ និង ២០២០។
លោកជំទាវ គឹម ដានី ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍ភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទ ០២ នាក់ខាងលើ មានឈ្មោះ ទី ១ ឈ្មោះ សល់ សុផានិត្យ ភេទប្រុស អាយុ ២៨ ឆ្នាំ និង ទី ២ ឈ្មោះ តារា រិទ្ធ ភេទ ប្រុស អាយុ ២៩ ឆ្នំា។
ជនជាប់ចោទទាំង ០២ ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ពីបទ រំលោភលើទំនុកចិត្ត និង ត្រូវបានតុលាការរាជធានីភ្នំពេញ កាត់ទោសដាក់ពន្ធនាគារ កំណត់ក្នុងម្នាក់ៗ ០២ ឆ្នាំ, ពិន័យជា ទឹកប្រាក់ចំនួន ៧ លានរៀល និង បង្គាប់ឱ្យសងជម្ងឺចិត្តដល់ ភាគីដើមបណ្ដឹង ឈ្មោះ ពៅ ច័ន្ទថា ចំនួន ៩៦០០០ ម៉ឺនដុល្លារអាមេរិក ។
តែពួកគេបាន ប្តឹងខ្ទាស់មកកាន់សាលាឧទ្ធរណ៍។

នាពេលសវនាការ ជនជាប់ចោទទាំង០២នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានទទួលលុយចំនួន ២៧០០០ ដុល្លារមែន ពីភាគីដើមបណ្ដឹងមែន។
ពួកគេ បានសុំឲ្យតុលាការឧទ្ធរណ៍ មេត្តាជួយបន្ធូរបន្ថយទោសពួកគេ ចំនួនមួយឆ្នាំ ក្នុងម្នាក់ៗ និង លុបចោលប្រាក់សំណងជម្ងឺចិត្តដល់ជនរងគ្រោះ ចំនួន ៩៦០០០ ម៉ឺនដុល្លារ ពីព្រោះ ពួកគេគ្មានលទ្ធភាពនឹងសងនោះទេ។
ម្យ៉ាងវិញទៀត, រហូតមកដល់ពេលនេះ ពួកគេ ក៏បានសងលុយឲ្យ ភាគីដើមបណ្ដឹង ជិតអស់ហើយដែរ គឺនៅសល់តែ ១ម៉ឺនដុល្លារតែបុណ្ណែាះ។
សំណុំរឿងក្តីនេះ សាលាឧទ្ធរណ៍នឹងប្រកាសសាលដីកា នៅថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ៨ ព្រឹក៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា