ភ្នំពេញ ៖ ក្នុងពិធីអបអរ សំណេះសំណាលជាមួយ បេក្ខជនជយលាភី ចំនួន២៦នាក់ ទៅសិក្សារៀនសូត្រ ផ្នែកអភិវឌ្ឍន៍ធនធានមនុស្ស នៅប្រទេសជប៉ុន នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ណែនាំថា បេក្ខជនដែលបានទៅបន្តការសិក្សានៅប្រទេសជប៉ុន ត្រូវតែក្រេបជញ្ជក់ចំណេះវិជ្ជា អំពីភាពជោគជ័យ ភាពខ្លាំង ប្រមូលយកបទពិសោធន៍ល្អៗនៃប្រពន្ធ័រៀបចំសង្គម សេដ្ឋកិច្ច ឧស្សាហ៍កម្ម និងសហគ្រិនភាព របស់ជប៉ុន ដើម្បីជួយប្រទេសកម្ពុជា។

សូមបញ្ជាក់ថា បេក្ខជនជយលាភីអាហារូបករណ៍ ផ្នែកអភិវឌ្ឍ ធនធានមនុស្សនៅប្រទេសជប៉ុន (JDS-2020) ចំនួន ២៦នាក់ នេះ នឹងចាកចេញដំណើរទៅសិក្សានៅប្រទេសជប៉ុន នាពេលខាងមុខនេះ ហើយពួកគេបានជួបសុំការណែនាំពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន តាមប្រព័ន្ធវីដេអូ ដើម្បីទទួលបាននូវគំនិតល្អៗ។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រាប់ទៅក្រុមបេក្ខជន ដែលបានទៅសិក្សានៅប្រទេសជប៉ុនថា ត្រូវមានឥរិយាបទទន់ភ្លន់ អត់ធ្មត់ សាមគ្គីភាព ធ្វើទំនាក់ទំនងល្អ ជាមួយមនុស្សនៅជុំវិញខ្លួន ជាពិសេសគ្រូបង្រៀននៅប្រទេសជប៉ុន។

លោករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា បេក្ខជនត្រូវប្រកាន់ខ្ជាប់នូវគោលជំហរសិក្សាស្វែងយល់ ប្រឹងប្រែងរៀនសូត្រ អភិវឌ្ឍន៍សមត្ថភាពខ្លួន បង្កេីតទំនាក់ទំនងល្អៗជាមួយមិត្តបរទេស ស្គាល់ការវិវត្តន៍ពិភពលោក ស្គាល់ជប៉ុនឱ្យបានស៊ីជម្រៅ និងស្គាល់ខ្លួនឯង ដេីម្បីយកចំណេះជំនាញមកអភិវឌ្ឍន៍សង្គមជាតិកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN




