ភ្នំពេញ ៖ តារាសម្តែងមេម៉ាយកូនមួយនាង ស៊ុ សុម៉ាលី មួយរយៈចុងក្រោយនេះ ត្រូវបានគេមើលឃើញថា រូបរាង និងរូបសម្រស់របស់នាង មានការប្រែប្រួលយ៉ាងខ្លាំង ក្រោយពេលដែលនាងបានចូលទៅធ្វើការនៅហាងកែសម្រស់មួយកន្លែង។
រាងកាន់តែតូចច្រឡឹង សម្រស់កាន់តែស្រស់ស្អាតបានធ្វើឲ្យតារារូបនេះ បានទទួលការចាប់អារម្មណ៍ពីទស្សនិកជនជាថ្មីឡើងវិញ ខណៈពេលតារារូបនេះ ក៏បានត្រៀមខ្លួនវិលមករកការងារសម្តែងជាថ្មីឡើងវិញផងដែរ។

ស៊ុ សុម៉ាលី បានអះអាងថា បច្ចុប្បន្ននាងទទួលស្គាល់ពីភាពប្រែប្រួល របស់នាងនូវរូបសម្រស់ និងរូបរាងរបស់នាងនាពេលនេះ។
នាងបញ្ជាក់ថា ការទទួលរូបរាងនាពេលនេះ ដោយសារនាងតែព្យាយាមសម្រកទម្ងន់ និងកែចំណុចខ្លះនៃមុខមាត់របស់នាង។
នាងថា យើងជាអ្នកធ្វើការនៅហាងកែសម្រស់ ហេតុនេះ នាងក៏មិនត្រូវបណ្តែតបណ្តោយឲ្យរូបសម្រស់យើងធ្លាក់ចុះទៅតាមវ័យនោះឡើយ។
យ៉ាងណា បើតាម ស៊ុ សុម៉ាលី ការទទួលបានរូបសម្រស់ប្លែក នាពេលនេះគឺនាងមិនបានធ្វើការវះកាត់អ្វីច្រើនឡើយ ពោលនាងគ្រាន់តែចាក់ថ្ពាល់នាងឲ្យមករាងតូចបន្តិចប៉ុណ្ណោះ។
ដោយសាររូបនាងកាន់តែវិវត្តន៍ទៅជាស្រស់ស្អាតនាពេលនេះ ស៊ុ សុម៉ាលី បានលើកឡើងថា នាងនឹងទទួលយកការងារសិល្បៈជាថ្មីឡើងវិញ បន្ទាប់ពីបានអាក់ខានមួយរយៈ។

នាងថា បច្ចុប្បន្ននាងបានទទួលយកការថតសម្អាង និងថតរូបនៅក្នងស្ទីឌីយោលជាបន្តបន្ទាប់ ខណៈពេលការងារសម្តែងនាង ក៏នឹងចាប់ផ្តើមជាថ្មីឡើងវិញដែរ។
នាងបញ្ជាក់ថា បច្ចុប្បន្ននាងនៅមានស្នាដៃសម្តែងថ្មីៗមួយចំនួនទៀត ដែលមិនទាន់បានចាក់បញ្ចាំង តាមរោងភាពយន្តនៅឡើយ ដោយសារបញ្ហាកូវីដ១៩។

ស៊ុ សុម៉ាលី បានលើកឡើងបន្ថែមថា ចាប់ពីពេលនេះទៅនាងនឹង ទទួលយកការសម្តែងទាំងអស់ឡើងវិញ មិនថាការសម្តែងរឿង បទចម្រៀង ឬការថតសម្អាងការនោះឡើយ។
គួបញ្ជាក់ថា ស៊ុ សុម៉ាលី បានក្លាយខ្លួនស្ត្រីមេម៉ាយកូន១ បន្ទាប់ពីនាងបានលេងលះជាមួយអតីតស្វាមី ដែលជាអាជីវករលក់ដូរមួយរូប។
បច្ចុប្បន្ននាងកំពុងរស់នៅជាមួយកូនស្រីដ៏គួឲ្យស្រឡាញ់មួយរូប ខណៈពេលបច្ចុប្បន្ននាង នៅមិនទាន់លេចឮពីចំណងស្នេហាថ្មីនៅឡើយទេ៕
រក្សាសិទ្ធិដោយ ៖ សំណាង SV








