Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​រាជរដ្ឋាភិបាល អំពាវនាវ ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន​កុំ​ដំឡើង​តម្លៃ​ដល់​អ្នកធ្វើដំណើរ​ទៅ​លេង​ស្រុកកំណើត ពេល​បុណ្យចូលឆ្នាំថ្មី​

​ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងថា កាលពី​ឆ្នាំមុនៗ ខ្ញុំ​បាន​អំពាវនាវ​សុំ​ឲ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន កុំ​ដំឡើង​តម្លៃ​ដល់​អ្នកធ្វើដំណើរ ទៅ​លេង​ស្រុកកំណើត នៅតាម​បណ្តា​ខេត្ត​នានា នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប៉ុន្តែ​មិន​មាន​ប្រសិទ្ធភាព​ទេ​។ ដូច្នេះហើយ បាន​ជា​ពេល​នេះ ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​សាលាក្រុង​ភ្នំពេញ ហើយ​បាន​សម្រេច​ផ្តល់​សេវា​ឡាន​ក្រុង ដឹកជញ្ជូន​ពលរដ្ឋ អ្នកធ្វើ​ដំណើរ​ដោយ “​មិន​បង់ថ្លៃ​” ។​

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៣ ខែ​មេសា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា​សរុប នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ បាន​លើកឡើង​ថា កាល​ខ្ញុំ​ប្រកាស​ពី​ថ្ងៃ​អាទិត្យ​កន្លងទៅនេះ គឺ​គម្រោង​ដាក់​តែ​២​ទិស​ទេ ។ ប៉ុន្តែ​ថ្ងៃនេះ ខ្ញុំ​សូម​ប្រកាសថា យើង​បាន​ត្រៀម​ឡានក្រុង​ដឹកជញ្ជូន បងប្អូន​អ្នកធ្វើដំណើរ ដោយ​មិន​បង់ថ្លៃ នៅតាម​ផ្លូវ​ជាតិ​មួយ ចំនួន​ដូចជាៈ​​ផ្លូវជាតិ​លេខ ១ (​ពី​ភ្នំពេញ កណ្តាល ព្រៃវែង និង​ស្វាយរៀង​), ផ្លូវជាតិ​លេខ ៣ (​ពី​ចោមចៅ​ទៅ​កំពត​), ផ្លូវជាតិ​លេខ ៤ (​ពី​ចោមចៅ កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ​), ផ្លូវជាតិ​លេខ​៥ (​ពី​ភ្នំពេញ​ទៅ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ​), ផ្លូវជាតិ​លេខ ៦ (​គឺ​ពី​ភ្នំពេញ កំពង់ធំ និង​សៀមរាប​)​។​

​ក្នុង​ពិធី​បុណ្យចូលឆ្នាំថ្មី​ខាងមុខនេះ ក៏​នឹង​រៀបចំ​ឡានក្រុង​ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង​ដែរ​។ នៅ​ឆ្នាំក្រោយ អាច​នឹង​បន្ថែម​ចំនួន​ឡាន​ក្រុង ច្រើន​ជាង​ឆ្នាំ​នេះ​ទៀត​។ សូម​ជូនពរ​បងប្អូន​កូនក្មួយ ធ្វើដំណើរ​សុខ​សប្បាយ តាម​ផ្លូវ​នៅ​គ្រប់​ទីកន្លែង ទូទាំង​ប្រទេស​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

×