ភ្នំពេញ ៖ មន្ត្រីសាខាគយខេត្តស្វាយរៀងមួយចំនួន បានសម្តែងការមិនពេញចិត្តចំពោះលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង ដែលមិនមានចំណាត់ការទៅលើលោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន ដោយបណ្តែតបណ្តោយធ្វើអ្វីស្រេចតែចិត្តក្នុងការបើកដៃ ឲ្យក្រុមឈ្មួញគ្រាក់ៗ នាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់តាមច្រកបុសមន។

សេចក្តីរាយការណ៍ពីមន្រ្តីនៅច្រកបុសមន ដែលសុំមិនបញញចេញឈ្មោះបានបង្ហើបឲ្យដឹងថា បើគ្មានការបើកភ្លើងខៀវពីសំណាក់លោក ឃុត សាលីន គឺក្រុមឈ្មួញធំៗ មិនអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមច្រកបុសមនបាននោះទេ។ ការដែលលោក ឃុត សាលីន អាចធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិតពីលោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកបុសមន ហេតុនេះហើយបានក្រុមឈ្មួញធំៗអាចនាំចូលទំនិញតាមច្រកបុសមន ដោយរលូន។ ហើយលោក ឃុត សាលីន គាបយកលុយពីប្រជាពលរដ្ឋក៏ដូចជាឈ្មួញនិងអាជីវករតូចតាចដែលនាំចូលទំនិញពីវៀតណាមតាមច្រកបុស្សមន។
ប្រភពដដែលបានបន្តថា នាពេលបច្ចុប្បន្នក្រុមឈ្មួញធំៗនៅតែនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមច្រកបុស្សមន ហើយលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ឃុត សាលីន នោះឡើយ។

មន្ត្រីមួយចំនួនបានសំណូមពរឲ្យលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ពិនិត្យមើលករណីនេះផង។ ហើយជាពិសេសសំណូមពរឲ្យអង្គភាពប្រឆាំងអំពើពុករលួយធ្វើការស៊ើបអង្កេតលើលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង និងលោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមនផង។
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល។
ចំណែកលោកលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង និងលោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន មិនអាចសុំការអត្ថាធិប្បាយបានទេ ជុំវិញការចោទប្រកាន់នេះ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ
