ភ្នំពេញ ÷ បុរសម្នាក់ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបុរសម្នាក់នោះ បានកាន់កាំបិតកាប់ទៅលើរថយន្តពលរដ្ឋ ចតនៅមុខផ្ទះ៤គ្រឿង រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទីយប់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ចំណុចក្នុងបុរីជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ។
ជូនបង្កនៅមិនទាន់បានបញ្ចេញអត្តសញ្ញាណនោះទេ បច្ចុប្បន្នគាត់ស្នាក់នៅ ក្នុងបុរីជ្រោយបាសាក់ ជាប់ផ្ទះកន្លែងកើតហេតុខាងលើ។
យោងតាមប្រភពពីពលរដ្ឋ នៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ដោយឃើញបុរសជនបង្កបានស្រែកឡូឡា ពីផ្ទះគាត់ជាន់ខាងលើ បន្ទាប់មកក៏បានយកធូផ្កា ទម្លាក់ចុះមកក្រោម ធ្វើឲ្យពលរដ្ឋមានការភ័យខ្លាច ក្រោយមកបុរសរូបនោះ បានកាន់កាំបិតចុះមកក្រោមដើរស្រែកជេរ និងយកកាំបិតកាប់ទៅលើរថយន្ត ចតទុកនៅខាងមុខផ្ទះពលរដ្ឋ៤គ្រឿង បណ្តាលឲ្យរថយន្តរងការខូចខាត ដោយពួកគាត់មិនហ៊ានចូលទៅឃាត់ ដោយឃើញជនបង្កមានកាំបិតនៅនឹងដៃ បន្ទាប់មកម្ចាស់រថយន្ត ក៏បានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកភ្លាមៗ។

ក្រោយសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុភ្លាមៗ ក៏បានរាយការទៅខាងកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យចុះមកឃាត់ខ្លួនបុរសជនបង្កភ្លាមៗ បន្ទាប់មកឲ្យម្ចាស់រថយន្ត ទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកប្រា ដើម្បីចាត់ការទៅលើជនបង្ក តាមនីតិវិធីផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ សា មេត



