ភ្នំពេញ ៖ យុវជនម្នាក់បានចេញពីធ្វើការត្រឡប់មកផ្ទះវិញ ត្រូវជនសង្ស័យមួយក្រុម ធ្វើសកម្មភាពវា.យប្ល.ន់យកម៉ូតូបានសម្រេច ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៩ និង៣០នាទីយប់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ដែលស្ថិតតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ត្រង់ចំណុចទល់មុខបុរីឡុងនី ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ពៅ វត្ថា ភេទប្រុស អាយុ២១ មុខរបរកម្មកររោងចក្រ បច្ចុប្បន្នរស់នៅក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទីកន្លែងស្រុកកំណើតរស់នៅភូមិកណ្ដាល ឃុំរលួស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
បើយោងតាមប្រភពព័ត៌មាន ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានជិះម៉ាកហុងដាសង់ឌ្រីមស៊េរី២០២១ ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1IR-0034 បានចេញពីធ្វើការត្រឡប់មកផ្ទះវិញ ខណៈពេលមកដល់ចំណុចផ្លូវ៥០ម៉ែត្រ ទល់មុខបុរីឡុងនី ជាកន្លែងផ្លូវស្ងាត់ក៏បានឃើញជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿងឌុបគ្នាជិះបានតាមក្រោយ ធ្វើសកម្មភាពវា.យជនរងគ្រោះ បណ្ដាលឲ្យធ្លាក់ពីលើម៉ូតូ រងរបួសធ្ងន់ ចំណែកឯម៉ូតូត្រូវជនសង្ស័យជិះគេចខ្លួនបាត់សម្រ៉ាលដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក្នុងសង្កាត់ព្រៃស ក៏ចុះមកដល់ចំណុចកើតហេតុ បាននាំជនរងគ្រោះ ទៅដាក់ពាក្យបណ្ដឹងធ្វើការសាកសួរ និងស្រោវជ្រោវមុខសញ្ញាជនសង្ស័យ មកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖សា មេត







